(កំពង់ចាម)៖ គណៈកម្មការចម្រុះរបស់ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមើលជើងបង្គោលព្រំដីរបស់រដ្ឋ នៅជាប់នឹងរបងប៉ុស្តិ៍រដ្ឋបាលអូរស្វាយ ដែលមាននៅក្នុងប្លង់ ដើម្បីជម្រះមន្ទិលសង្ស័យជៀសវាង កុំឲ្យមានជម្លោះកើតឡើង។
ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីនាកន្លងមកមានសារព័ត៌មានបានចុះផ្សាយថា តាយាយពីរនាក់រស់នៅក្នុងផ្ទះផ្ទាល់ដីជាប់ប៉ុស្តិ៍រដ្ឋបាលអូរស្វាយ គឺជាអ្នកចាំដីឲ្យរបស់លោក ប៉ាន់ ដន អតីតនាយប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ តែការពិតដីដែលយាយតាទាំងពីរនាក់រស់នៅនោះ គឺជាដីរបស់រដ្ឋ មិនមែនជាកម្មសិទ្ធិឯកជនទេ។
ប៉ុន្តែបន្ទាប់ពីចុះពិនិត្យរួចមក អាជ្ញាធរក៏បានបញ្ជាក់យ៉ាងច្បាស់ថា តាយាយពីរនាក់ គឺពិតជាបានរស់នៅលើដីសាធារណៈរបស់រដ្ឋ មិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់នោះទេ។
លោក ឯក ប៉ាន់ដន អតីតនាយប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ បានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០០៩ គ្រាដែលរូបលោកនៅជានាយប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ បានជួបនឹងទុរគតជនពីរនាក់ប្ដីប្រពន្ធ គឺតា សារឿន និងយាយ សាយ មានការអាណិតអាសូរ ក៏បានឱ្យដីនៅខាងក្រោយប៉ុស្តិ៍ស្នាក់នៅ ជាបណ្ដោះអាសន្ន មិនមែនធ្វើជាកម្មសិទ្ធិឡើយ។
អតីតនាយប៉ុស្តិ៍អូរស្វាយប្រាប់បន្តថា បន្ទាប់មករូបលោក ត្រូវបានថ្នាក់លើផ្លាស់ឲ្យទៅបំរើការងារនៅកន្លែងថ្មី។ ស្រាប់តែមកដល់ឆ្នាំ ២០២១ នេះមានការចោទប្រកាន់ថា តាយាយពីរនាក់ បានមកស្នាក់នៅនោះថាចាំដីឱ្យគាត់ (ប៉ាន់ដន) ទៅវិញ។ រូបលោកសូមបដិសេធ ចំពោះការចោទប្រកាន់នេះថា ជារឿងមិនពិតនោះទេ។ ហើយមកដល់បច្ចុបន្នតាយាយទាំងពីរនាក់ បានបន្តស្នាក់នៅលើដីនេះដដែល រហូតទាល់តែចាស់ព្រេងចាស់ព្រឹទ្ធ។
លោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម ដែលដឹកនាំកម្លាំងគណៈកម្មការចម្រុះ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រុមការងាររបស់លោកចុះមកនេះ គឺមិនមែនមានរឿងទំនាស់ណាមួយនោះទេ ព្រោះថាដីមានម្ចាស់រៀងខ្លួន ព្រមទាំងបានចុះបញ្ជីតាមប្រព័ន្ធរួចរាល់ហើយដែរ និងធ្វើការត្រួតពិនិត្យមើលសំណង់រឹង ដែលបានសង់តើបានប៉ះពាល់លើដីផ្លូវសាធារណៈដែរឬទេ? មួយវិញទៀតដីនៅក្នុងឃុំអូរស្វាយទាំងមូល គឺបានចុះជាលក្ខណៈប្រព័ន្ធរួចរាល់ហើយដែរ។
លោកអភិបាលរងស្រុកកំពង់សៀមបន្តថា កន្លងមកមានសារព័ត៌មានបានចុះផ្សាយថា តាយាយពីរនាក់រស់នៅក្នុងផ្ទះទាមផ្ទាល់ដី គឺនៅលើដីដែលជាកម្មសិទ្ធិ របស់លោក ប៉ាន់ ដន។ នៅពេលដែលយកប្លង់មកពិនិត្យមើលឃើញថាដីតាយាយនោះគឺស្ថិតនៅលើដីសាធារណៈរបស់រដ្ឋ ហើយប្រសិនបើរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត ពេលដែលមានការរីកចម្រើនចង់ពង្រីកផ្លូវចាក់បេតុង ចូលមកកាន់ដីអ្នកនៅខាងក្នុង គឺធ្វើឡើងតាមច្បាប់ ហើយតាយាយត្រូវតែបង្ខិតរបងចូលមកក្នុងដើម្បីឲ្យបានផ្លូវធំ។ ហើយប្រសិនបើពិនិត្យមើលឃើញភាគីណាមួយ សង់រំលោភលើដីសាធារណៈរបស់រដ្ឋនោះ គឺតម្រូវឲ្យរុះរើរបងចេញវិញ៕