(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងធ្វើតេស្តរហ័ស ដល់មន្ត្រីគ្រប់រូបដែលមកបំពេញការងារ នៅស្នងការដ្ឋា នគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកអ្នកវិជ្ជមានកូវីដ១៩ និងចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។
ការយកសំណាកនេះ គឺគោរពអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សូមជម្រាបថា ដោយសារតែស្ថានភាពជំងឺកូវីដ១៩ កាន់តែរីករាលដាលខ្លាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យប្រើប្រាស់នូវឧបករណ៍តេស្ដរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការដែលមានការសង្ស័យ ពិសេសសម្ដេចក៏បានអនុញ្ញាតឲ្យវិស័យឯកជន ប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ ដើម្បីតេស្ដបុគ្គលិក កម្មករ និយោជិករបស់ខ្លួនផងដែរ៕