(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាព និងស្ថរិភាព គឺជាកត្តាអាទិភាពមួយនាំឱ្យបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បើទោះពិភពលោកកំពុងប្រឈមបញ្ហានយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយចុះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលធ្វើឡើងតាមអនឡាញនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំដែលពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការពីការវិនិយោគនោះ សម្តេចតេជោ បានគូសរំលេចថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ នេះបើតាម លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកចែកចាយលើបណ្តាញសង្គម។

លោក ផៃ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថែមទៀតថា «អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ ប្រឈមក្នុងវិស័យនយោបាយ ពាណិជ្ជកម្មយ៉ាងណាក៏ដោយ»

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិកបង្កើតការងារបានចំនួន ៥០,០២៩កន្លែង។

គម្រោងវិនិយោគនេះបើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ មានការថយចុះប្រមាណ ៦៣គម្រោង។ តែទុនវិនិយោគមិនបានថយចុះនោះទេ គឺមានការកើនឡើងប្រមាណ ១២ភាគរយ ដោយសារតែគម្រោងវិនិយោគធំៗមួយចំនួនបានដាក់ទុនវិនិយោគខ្ពស់។

ចិន ជាប្រទេសបានវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ ក្រុមហ៊ុនចិន បានបោះទុនវិនិយោគរហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ។

សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ រៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេស ចំពោះវិស័យនិងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕