(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរព្រះរាជពិធី «រុក្ខទិវា» ដែលកម្ពុជាតែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា។
ជាមួយនឹងការអបអរសាទរព្រះរាជពិធី «រុក្ខទិវា» នេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើ ដើម្បីជាប្រយោជន៍ដល់បរិស្ថាន និងការរស់នៅ។
សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឱ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់»។
សម្តេចតេជោបានអរគុណក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារ និងដាំដុះដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេស។
សូមជម្រាបថា ព្រះរាជពិធី «រុក្ខទិវា» បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។
ព្រះរាជពិធីនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា ដោយជ្រើសរើសទីតាំងណាមួយ ដើម្បីដាំកូនឈើក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រខ្មែរ តែរយៈពេលប្រមាណពីរឆ្នាំចុងក្រោយនេះ ព្រះរាជពិធីមិនត្រូវបានរៀបចំឡើងនោះឡើយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩៕