(កំពង់ឆ្នាំង)៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបំបែកសំណុំរឿង ករណីបុរសម្នាក់ ដែលជាប្រធានក្រុមតន្ត្រីសម័យ បានបាត់ខ្លួនជាង១០ថ្ងៃបានហើយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ នៃការបាត់ខ្លួនអស់រយៈពេលជាង១០ថ្ងៃ។ ចំពោះករណីនេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយនោះទេ។

គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថាប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបាត់ខ្លួនកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខណៈដែលជនរងគ្រោះជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 2A. 2626 មកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏បាត់ខ្លួនរហូតមក។

ក្រោយការបាត់ខ្លួនក្រុមគ្រួសារ និងសមាជិកក្រុមតន្ត្រីសម័យបានប្ដឹងនិងរាយការណ៍ជូនសមត្ថកិច្ចដើម្បីឱ្យស្វះស្វែងជួយស្រាវជ្រាវរកជនរងគ្រោះ។

ក្រោមកិច្ចប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលខេត្ត តាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានរកឃើញរថយន្តរបស់ជនរងគ្រោះនៅរាជធានីភ្នំពេញ។

ប៉ុន្តែ ដោយសារតែក្នុងប្រតិបត្តិការ និងស្រាវជ្រាវសមត្ថកិច្ចមិនបានបង្ហាញនូវព័ត៌មាននេះនៅឡើយទេ ទើបតែនៅរសៀលថ្ងៃទី៨ ខែកក្កដានេះ សមត្ថកិច្ចបានបំបែកសំណុំរឿង និងចាប់ខ្លួនជនដៃមកធ្វើការសាកសួរ និងកសាងសំណុំរឿង។ មិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យនោះទេ គឺកំពុងសាកសួរហើយចម្លើយរបស់ជនសង្ស័យ ក្នុងភាពមិនច្បាស់លាស់ទៅនឹងអង្គហេតុនៅឡើយ។

ដោយឡែកបើតាមប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងពេលប្រតិបត្តិការស្រាវជ្រាវសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាអ្នកទិញរថយន្តពីជនសង្ស័យ ដែលបានប្រាប់ថាជារថយន្តអត់ពន្ធទើបឈានដល់ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យបានម្នាក់។

ប្រភពដដែល បានបន្តថា ជនសង្ស័យរូបនោះបានសារភាពថាសពជនរងគ្រោះបានយកទៅទម្លាក់ចោលនៅស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំពោះមូលហេតុ នៃអំពើឃាតកម្មកើតឡើងដោយសារអ្វីសមត្ថកិច្ចនឹងបញ្ជាក់នៅថ្ងៃស្អែក៕