(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានទទួលយកជំនួយមនុស្សធម៌ ពីអង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងមូលដ្ឋានខេត្ត។
ការប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមវត្តមានលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់លោក ផែន ប៊ុនភឿន ប្រធានប្រតិបត្តិកម្មវិធីប្រចាំខេត្តស្ទឹង របស់អង្គការផ្លែនអន្តរជាតិ ប្រធាន អនុប្រធាន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ផែន ប៊ុនភឿន បានថ្លែងថា ការប្រគល់ជំនួយមនុស្សធម៍របស់អង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តស្ទឹងត្រែងនេះ ធ្វើឡើងបន្ទាប់ពីបានមើលឃើញពីភាពខ្វះខាត និងការកើនឡើងនូវអ្នកឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។
លោកបញ្ជាក់ថា ជំនួយមនុស្សមនុស្សធម៌ ដែលប្រគល់ជូនរដ្ឋបាលខេត្តនេះ គឺសមស្របនឹងការប្រតិបត្តិការរបស់អង្គការផ្លែនអន្តរជាតិដែលតែងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការមនុស្សធម៍ និងកិច្ចការសង្គមផ្សេងៗផងដែរ។
លោក ម៉ុម សារឿន បានថ្លែងអំណរគុណដល់អង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តស្ទឹងត្រែង ដែលបានជួយជាសម្ភារៈ និងចូលរួមជាសកម្មភាពមនុស្សធម៌ជាមួយរដ្ឋបាលខេត្តក្នុងពេលនេះ និងកន្លងមកដែលសកម្មភាពមនុស្សធម៌នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងបានជួយសម្រួលដល់ការខ្វះខាតមួយចំនួនរបស់រដ្ឋបាលខេត្ត និងបានជួយដល់សម្រួលដល់ទុកលំបាករបស់ប្រជាពលរដ្ឋ។
លោក ម៉ុម សារឿន បានបន្តថា រាល់ជំនួយមនុស្សធម៌ដែលអង្គការផ្លែនអន្តរជាតិ និងសប្បុរធម៌នានា បានឧបត្ថមគាំទ្រដល់រដ្ឋបាលខេត្ត និងត្រូវបានយកទៅប្រើឱ្យចំគោលដៅយ៉ាងពិតប្រាកដ ដោយមិនធ្វើឱ្យសប្បុរសជនមានក្តីព្រួយបារម្ភ និងខកបំណងឡើយ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តស្ទឹងត្រែង ក៏បានប្រគល់បន្តនូវសម្ភារៈ ដែលជាជំនួយរបស់អង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តស្ទឹងត្រែង ជូនទៅកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីយកទៅប្រើនៅតាមគោលដៅមណ្ឌលចត្តាឡីស័កកម្រិត២ ដែលអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលផងដែរ។
សូមបញ្ជាក់ថា ជំនួយមនុស្សធម៌ដែលអង្គការផ្លែនអន្តរជាតិ ប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះមានដូចជាគ្រែសម្រាប់ព្យាបាលអ្នកជំងឺចំនួន ៣០០គ្រែ អាល់កុលចំនួន ៣០០លីត្រ ម៉ាសចំនួន ៣៥០០ ស្រោមដៃពេទ្យចំនួន ៥០០០គូរ និងបរិសុទ្ធចំនួន ៣០០កេស៕