(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៨នាក់នេះ គឺ២នាក់រកឃើញនៅថ្ងៃទី៧ និង៦នាក់ទៀត រកឃើញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ប្រសិនបើមានករណីសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ ចំនួន២០២នាក់ បានព្យាបាលជាសះស្បើយចំនួន៦៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៣៨នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖