(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលបានបរិច្ចាគថវិកា៣លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ១៩ ។
សាររបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដានេះ បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែលបានផ្តល់នូវថវិកាចំនួន ៣.០០០.០០០ (បីលាន)ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺ Covid-19 នៅក្នុងវិធានការដែលរាជរដ្ឋាភិបាលកំពុងតែចាត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតនៃជនរួមជាតិយើង។
ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕