(ព្រះវិហារ)៖ ចំពោះហេតុការណ៍ភ្លើងឆេះព្រៃ នៅក្រៅតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃម្សិលមិញនោះ ត្រូវបានមន្រ្តីយោធាជាន់ខ្ពស់ នៃកងពលធំអន្តរាគមន៍លេខ៣ ចេញមកបញ្ជាក់ថា អាវុធ និងគ្រាប់ទាំងនោះសុទ្ធតែបន្សល់មកពីសម័យសង្គ្រាម ហើយក៏មិនស្ថិតនៅក្នុងបរិវេណតំបន់ប្រាសាទព្រះវិហារនោះឡើយ។
លោកឧត្តមសេនីយ៍ ស៊ុំ សៀ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះថា «ករណីនេះតាមពិតភ្លើងឆេះព្រៃ ហើយបានរីករាលដាលដល់រោងស្នាក់នៅ របស់ក្រុមអភិរក្សប្រាសាទព្រះវិហារ ហើយអាវុធ និងគ្រាប់ទាំងនោះ គឺបន្សល់ទុកពីសម័យសង្គ្រាមនោះទេ»។
លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ថា ករណីនេះបានបំផ្លាញរោងស្នាក់នៅរបស់ក្រុមអភិរក្សមួយចំនួន តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ។
លោកឧត្តមសេនីយ៍ បានចាត់ទុកព័ត៌មានបានចេញផ្សាយ គឺជាការភ័ស្តច្រឡំ ធ្វើឲ្យមានការយល់ខុសចំពោះបញ្ហានេះ៕