(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញប្រកាសបិទបញ្ចប់ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារកូវីដ១៩» នៅភូមិសាស្ដ្ររាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងថា បច្ចុប្បន្នខេត្ដចំនួន១៤ កំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ខេត្តទាំង១៤ ដែលកំពុងដំណើរការចាក់វ៉ាក់សាំង គ្រាដែលរាជធានីភ្នំពេញ បានបិទបញ្ចប់នេះ រួមមាន៖ ខេត្តកណ្ដាល, ព្រះសីហនុ, កំពង់ស្ពឺ, តាកែវ, បៃលិន, កោះកុង, កំពង់ចាម, ស្វាយរៀង, កំពង់ឆ្នាំង, ត្បូងឃ្មុំ, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប និងខេត្តព្រៃវែង។ លោកស្រី បានបន្ដទៀតថា សម្រាប់ខែដទៃផ្សេងទៀត នឹងដំណើរការនៅដំណាច់ខែកក្កដានេះ។

លោកស្រី ប្រធានគណៈកម្មការចំពោះកិច្ច បានបង្ហាញនូវក្ដីសង្ឃឹមថា ប្រសិនបើវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញមកដល់ជាបន្ដបន្ទាប់ ទៅតាមផែនការលទ្ធកម្មដោយមិនមានការប្រែប្រួលទេនោះ នៅត្រឹមដំណាច់ខែសីហា នឹងមកដល់គ្រប់ចំនួនចាក់ជូនប្រជាពលរដ្ឋ១០លាននាក់។ ដូច្នេះផែនការចាក់វ៉ាក់សាំងនេះ នឹងបញ្ចប់ជាស្ថាពរយ៉ាងយូរបំផុតត្រឹមដំណាច់ខែតុលា ឬដើមខែវិច្ចិកា។

លោកស្រី ឱ វណ្ណឌីន បានអះអាងទៀតថា ការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា គឺមានល្បឿនលឿនជាផែនការមេដែលបានកំណត់ ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាល ឆ្នាំ២០២២ឯណោះ។

ជាមួយគ្នានេះ លោកស្រីបានឲ្យដឹងថា ក្រោយបញ្ចប់ផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ១០លាននាក់នោះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កំពុងគិតគូរដឹកនាំធ្វើការពិភាក្សាបន្ដទៀត ដើម្បីចាក់ជូនមនុស្សក្រោម១៨ឆ្នាំ និងកំពុងគិតចាក់ដូសទី៣ ឬចាក់ដូសរំលឹកឡើងវិញផងដែរ ប៉ុន្ដែទាំងអស់នេះអាស្រ័យលើលទ្ធផលនៃការសិក្សាបែបវិទ្យាសាស្ដ្រដែលកំពុងតែរង់ចាំ។

ក្នុងករណីនៅសេសសល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សម្ដេចតេជោ ហ៊ុន សែន បានគិតគូរឲ្យបញ្ជាទិញបន្ថែមដើម្បីត្រៀមបម្រុងទុកសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ផងដែរ។ នេះតាមអ្វីដែលលោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់៕