(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញបិទបញ្ចប់ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារកូវីដ១៩» សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ បានបិទបញ្ចប់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយជោគជ័យ ហើយមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ ឬប៉ះពាល់អាយុជីវិតដោយសារចាក់វ៉ាក់សាំងកូវីដ១៩នោះឡើយ។ លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលយុទ្ធនាការ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកមកចាក់វ៉ាក់សាំងនៅតាមកន្លែងដែលអាជ្ញាធរបានកំណត់។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្ដើមឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកទល់ថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ អ្នកដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ សរុបចំនួន២,១៥២,៥៩៥នាក់ ក្នុងនោះមានប្រមាណ២ម៉ឺននាក់ មិនបានចាក់វ៉ាក់សាំងទេ ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន មានន័យថា អ្នកបានចាក់សរុប (ដូសទី១) ចំនួន២,១២៨,៧៩១នាក់។
លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋមានឆន្ទៈខ្ពស់ណាស់ ក្នុងការចង់ចូលរួមចាក់វ៉ាក់សាំង មិនដូចមនុស្សអគិតមួយចំនួនដែលមានបំណងចង់រារាំងដល់ដំណើរការចាក់វ៉ាក់សាំងនោះទេ។ បើគិតជាភាគរយ នៃចំនួនប្រជាជនសរុបនៅក្នុងរាជធានីភ្នំពេញ ១២០.៦៥ភាគរយ ដែលនេះបញ្ជាក់ថា មានប្រជាពលរដ្ឋមកធ្វើដំណើរមកពីខេត្តផ្សេង មកចាក់វ៉ាក់សាំងនៅភ្នំពេញ។
ទាំងលោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរិះរក និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យកម្ពុជាអាចទទួលបានវ៉ាក់សាំង ព្រមទាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារជំងឺកូវីដ១៩។ បន្ថែមពីនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមបំពេញកិច្ចការងារចាក់វ៉ាក់សាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនខ្លាចនឿយហត់៕