(ភ្នំពេញ)៖ ករណីបោកគ្រាប់បែកដ៏កក្រើកមួយ នៅវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ពោលជិត៧ឆ្នាំកន្លងទៅ នៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៥នាក់ រហូតមកដល់ពេលនេះ ក្រុមជនរងគ្រោះមិនទាន់បានទទួលសំណងនៅឡើយទេ បើទោះបីមេក្លោងជាអតីតចៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងបក្ខពួក៣នាក់ទៀត ត្រូវបានចាប់ខ្លួន ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី៣០ឆ្នាំ ទៅមួយជីវិតក៏ដោយនោះ។
ទណ្ឌិតឈ្មោះ ភី ណុប និងបក្ខពួក ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឱ្យសងសំណងជំងឺចិត្តមួយចំនួនផងដែរ ទៅឱ្យជនរងគ្រោះ និងគ្រួសារអ្នកស្លាប់ តាមអំណាចសាលដីការបស់តុលាការកំពូល។ ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេនៅតែមិនទាន់ទទួលបានសំណងនេះនៅឡើយទេ ពីព្រោះថា រឿងក្តីសំណងនេះ បានជាប់គាំងអស់រយៈពេលច្រើនឆ្នាំហើយ។
ជនរងគ្រោះ និងគ្រួសាររបស់អ្នកស្លាប់ បានអះអាងថា សាលាដំបូងរាជធានីភ្នំពេញ បានដំណើរការរឿងក្តីទាមទារសំណងជម្ងឺចិត្តរបស់ពួកខ្លួន តែមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែក្រុមគ្រួសារសាច់ញាតិរបស់ទណ្ឌិត ឈ្មោះ ភី ណុប តែងតែព្យាយាមលួចផ្ទេរទ្រព្យសម្បត្តិរបស់ពួកគេ ដោយចេតនាទុច្ចរិត និងតាមគ្រប់មធ្យោបាយ។ ជាងនេះទៅទៀត ក្រុមគ្រួសារសាច់ញាតិរបស់ទណ្ឌិតរូបនេះ បានលួចផ្ទេរទ្រព្យសម្បត្តិ ដែលត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ធ្វើការរឹបអូសយកមកលក់ឡៃឡុង ទើបធ្វើឱ្យរឿងក្តីនេះត្រូវបានជាប់គាំង និងគ្មានពន្លឺបន្តិចណាទៀតឡើយ។
បើតាមជនរងគ្រោះ ទណ្ឌិត និងបក្ខពួក បានយកឯកសារក្លែងក្លាយទាំង៣ក្បាលដី ដែលតុលាការកាត់លក់ឡៃឡុងសងជនរងគ្រោះ យកមកប្រើប្រាស់ដោយបន្លំ ក្រោមលេសរូបភាពជាការប្តឹងតវ៉ាចូលតតិយជនមកតុលាការ សុំផ្អាកការអនុវត្តសាលដីកាតុលាការកំពូល និងទាមទរយកដីទាំង៣ក្បាលដីនេះវិញ ដោយសំអាងលើឯកសារក្លែងក្លាយរបស់ពួកខ្លួនទាំង៣នេះ។
ជនរងគ្រោះទាំងអស់ ចង់ស្នើសុំឲ្យតុលាការ ជំរុញ និងពន្លឿននីតិវិធីអនុវត្តធ្វើការប្រគល់លុយទាំងអស់ ដែលបានពីការរឹបអូសលក់ឡៃឡុងដីរបស់ទណ្ឌិត និងកូនបំណុលមកឲ្យជនរងគ្រោះទាំងអស់ឲ្យបានឆាប់ ពោលកុំឲ្យនៅអូសបន្លាយពេលវេលា ឬនីតិវិធីទៀត ព្រោះជនរងគ្រោះទាំងអស់កំពុងទន្ទឹងរង់ចាំលុយសំណងទាំងនេះ យកទៅព្យាបាលជំងឺ។
ជនរងគ្រោះ និងគ្រួសាររបស់អ្នកស្លាប់ ក្នុងហេតុការណ៍បោកគ្រាប់បែក បានបន្ថែមទៀតថា ពួកខ្លួនទទួលរងនូវភាពឈឺចាប់ និងខ្លោចផ្សារ ដោយសារហេតុការណ៍នេះ ហើយបានរស់នៅ ដោយព្រាត់ប្រាសគ្មាពីមនុស្ស ជាទីស្រលាញ់របស់ពួកខ្លួន អស់រយៈពេល៧ឆ្នាំមកហើយ។ ផ្ទុយទៅវិញ ពួកខ្លួននៅតែមិនអាចទទួលបាននូវពន្លឺយុត្តិធម៌ដដែល។
ចំពោះករណីនេះ ជនរងគ្រោះ ក៏ដូចជាគ្រួសាររបស់អ្នកស្លាប់ ក្នុងហេតុការណ៍គប់គ្រាប់បែក គ្រោងនឹងដាក់ពាក្យបណ្តឹងទៅក្រសួងយុត្តិធម៌ ដើម្បីជំរុញនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការសម្រេចឱ្យបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ដោយសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងអាចជួយពន្លឿនរឿងក្តីទាមទារសំណងនេះ ដើម្បីឱ្យពួកគេបានទទួលនូវសំណងជំងឺចិត្ត តាមអំណាចសាលដីកាស្ថាពរតុលាការកំពូល ឱ្យបានឆាប់បំផុត។ ពួកគេសង្ឃឹមយ៉ាងមុតមាំថា លោករដ្ឋមន្រ្តីនឹងជួយស្វែងរកយុត្តិធម៌ដល់ពួកគេបាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក សន ស៉ិន ដែលបច្ចុប្បន្នជាតួនាទីជាចៅសង្កាត់គោករកា ព្រមទាំងក្រុមគ្រួសាររបស់លោក ដែលរួចផុតពីការស្លាប់នៃអំពើបោកគ្រាប់បែក កាលពីជិត៧ឆ្នាំមុនកន្លងទៅនេះ ក៏បានដាក់ពាក្យសុំអន្ដរាគមន៍ ទៅកាន់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជួយជំរុញ និងពន្លឿននីតិវិធីដល់សាលាដំបូងរាជធានីភ្នំពេញ នៃការទាមទារសំណងជំងឺចិត្តប្រកបដោយយុត្តិធម៌ និងឆាប់រហ័ស។
នៅក្នុងសំណុំរឿងបោកគ្រាប់បែក ប៉ុនប៉ង និងបានស្លាប់មនុស្ស និងធ្វើឲ្យរបួសជិត១០នាក់ខាងលើនេះ បង្កឡើងដោយឈ្មោះ ភី ណុប អតីតចៅសង្កាត់គោករកា និងបក្ខពួក៣នាក់ផ្សេងទៀត ប៉ុន្ដែក្រោយអំពើនេះកើតឡើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្ដបន្ទាប់ ហើយត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ និងបានប្រកាសសាលក្រមចប់ជាស្ថាពរ ដោយសម្រេចដាក់ពន្ធនាគារ ពី៣០ឆ្នាំ ទៅមួយជីវិត។
ក្រោយការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូលក៏បានចេញសាលដីកា សម្រេចឲ្យមេក្លោង និងបក្ខពួកសរុប៤នាក់នេះ ជាប់ពន្ធនាគារដដែលរួមមាន៖ ឈ្មោះ ភី ណុប ដែលជាមេក្លោង ជាប់ពន្ធនាគារមួយជីវិត, ឈ្មោះ នួន សំរិត ហៅម៉ាប់ ជាជនដៃដល់ជាប់ពន្ធនាគារមួយជីវិត, ឈ្មោះ ពៅ ប៊ុនធឿន និងឈ្មោះ អេង ប៉ូលីន ជាប់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ។ អំពើបោកគ្រាប់បែកនេះ បណ្ដាលឲ្យកូនរបស់លោក សន ស៉ិន ម្នាក់បានស្លាប់ និងសមាជិកគ្រួសារពី៥ ទៅ៦នាក់ទៀត រងរបួសក្នុងចំណោមមនុស្សជាង១០នាក់ ដែលកំពុងអង្គុយហូបបាយជុំគ្នា ហើយត្រូវបានជនដៃដល់ឈ្មោះ នួន សំរិត គប់គ្រាប់បែកចូល បណ្ដាលឲ្យផ្ទុះតែម្ដង។
យោងតាមពាក្យបណ្តឹងអន្តរាគមន៍ដាក់ជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ក្រុមជនរងគ្រោះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ឈ្មោះ សន ស៊ុន ភេទប្រុស អាយុ៥៨ឆ្នាំ ,ឈ្មោះ ឃុំ សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ,ឈ្មោះ ហាក់ ប៉េងលាង ភេទស្រី អាយុ៤២ ឆ្នាំ, ឈ្មោះ ឌុន សុខ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ចន្ថា រ៉ាពីដ ភេទប្រុស អាយុ៣១ឆ្នាំ មានអាស័យដ្ឋានភូមិសែនសុខ២ សង្កាត់ឈ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ បានស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយជំរុញនីតិវិធី នៃរឿងក្តីទាមទារសំណងជំងឺចិត្តឱ្យដំណើរការប្រកបដោយយុត្តិធម៌ និងឆាប់រហ័ស។
ក្រុមជនរងគ្រោះបានបញ្ជាក់ថា «កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ មានករណីហេតុការណ៍បោកគ្រាប់បែកប្រព្រឹត្តដោយទណ្ឌិតជាអតីតចៅសង្កាត់គោករកាឈ្មោះ ភី ណុប និងបក្ខពួកនៅចំណុចភូមិសែនសុខ២ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រហូតមកដល់ពេលនេះមានរយៈពេលជិត៧ឆ្នាំ មកហើយតែពួកយើងខ្ញុំមិនទាន់ទទួលបានសំណងជំងឺចិត្តនៅឡើយទេ។ ដោយសារហេតុការណីបោកគ្រាប់បែកដ៏ឃោឃៅ រន្ធត់នេះ បានធ្វើឱ្យយើងខ្ញុំទទួលរងនូវការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត ពីព្រោះត្រូវបានបាត់បង់សមាជិកគ្រួសារដែលជាទីស្រលាញ់ត្រូវជាកូន ជាប្អូននិងសាច់ញាតិ។ ចំណែកជនរងគ្រោះនៅរស់បានបាត់បង់សុខភាពផ្លូវកាយផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទាំងស្រុងដោយធ្លាក់ខ្លួនរស់នៅ ក្នុងពិការភាពអស់មួយជីវិត។ ការរស់នៅសព្វថ្ងៃរងលំបាកវេទនាស្ទើរស់ស្ទើស្លាប់ ស្មារតីទន់ខ្សោយមិនដឹងអី ជួនថ្ងៃខ្លះសន្លប់ ជួនថ្ងៃខ្លះដឹងខ្លួន ដោយសារការត្រូវអំបែងគ្រាប់បែកខ្ទាតចូល និងត្រូវទទួលឥទ្ធិពលសារធាតុជាតិគីមី ដែលមានក្នុងគ្រាប់បែកចូលសព្វក្នុងរាងកាយទាំងអស់ និងត្រូវទៅមន្ទីរពេទ្យរាងរាល់ខែ ដើម្បីពិនិត្យព្យាបាល និងបើកថ្នាំ»។
ក្រុមជនរងគ្រោះបានបន្តទៀតថា «តាមរយៈសាលដីកាតុលាការកំពូលអតីតចៅសង្កាត់គោករកាឈ្មោះ ភី ណុប និងបក្ខពួក ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឱ្យសងជំងឺចិត្តជាប្រាក់ មកឱ្យពួកយើងខ្ញុំ។ ផ្ទុយទៅវិញ រហូតមកទល់ពេលនេះ ពួកយើងខ្ញុំនៅតែមិនទាន់ទទួលបាននូវសំណងនោះឡើយ បើទោះបីជារឿងរ៉ាវនេះបានកើតឡើងជិត៧ឆ្នាំ។ ដូច្នេះពួកយើងខ្ញុំ ទទូចសូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជម្រុញសាលាដំបូងរាជធានីភ្នំពេញ ពន្លឿនរឿងក្ដីទាមទារសំណងនេះ ដើម្បីឱ្យពូកយើងខ្ញុំបានទទួលនូវសំណងជំងឺចិត្តនេះ តាមអំណាចសាលដីកាស្ថាពរតុលាការកំពូល ឱ្យបានឆាប់បំផុត ពីព្រោះយើងខ្ញុំរង់ចាំយុត្តិធម៌នេះ យូរមកហើយ»។
យោងរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានការបោកគ្រាប់បែកនេះដោយសារតែឈ្មោះ ភី ណុប មានគំនុំជាមួយឈ្មោះ សន ស៊ិន ពីរឿងសន្លឹកឆ្នោត ក៏មានបំណងចង់សម្លាប់ឈ្មោះ សន ស៊ិន ហើយបានមកពឹងឈ្មោះ ពៅ ប៊ុនធឿន ដើម្បីរកជនដៃដល់ណាដែលហ៊ានធ្វើឃាតលើឈ្មោះ សន ស៊ិន។ បន្ទាប់មកឈ្មោះ ពៅ ប៊ុនធឿន ក៏បានមកជួបឈ្មោះ នួន សំរិទ្ធ ក្នុងតម្លៃ ៥.០០០ដុល្លារ ឲ្យទៅធ្វើឃាតជនរងគ្រោះ ដោយឈ្មោះ ពៅ ប៊ុនធឿន បាននាំឲ្យទៅស្គាល់ផ្ទះឈ្មោះ សន ស៊ិន និងបានប្រគល់គ្រាប់បែកមួយគ្រាប់ ដែលខ្លួនមិនដែលស្គាល់ម៉ាកឲ្យទៅឈ្មោះ នួន សំរិទ្ធ ព្រមទាំងប្រាប់ទៅឈ្មោះ នួន សំរិទ្ធ ពីវិធីប្រើប្រាស់គ្រាប់
បែកផងដែរ។
របាយការណ៍បានបន្តទៀតថា លុះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឈ្មោះ នួន សំរិទ្ធ និងឈ្មោះ អេង បូលីន បានជិះម៉ូតូមួយគ្រឿង ដោយឈ្មោះ អេង បូលីន ជាអ្នកបើក និងឈ្មោះ នួន សំរិទ្ធ ជាអ្នកជិះពីក្រោយ។ ពេលជិះម៉ូតូដល់មុខផ្ទះជនរងគ្រោះ ឈ្មោះ នួន សំរិទ្ធ ក៏បានបោះគ្រាប់បែកចូលទៅមុខផ្ទះជនរងគ្រោះឈ្មោះ សន ស៊ិន ខណៈដែលជនរងគ្រោះកំពុងអង្គុយជុំគ្នាហូបបាយពេលល្ងាច ក៏បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ និងរបួសចំនួន៥នាក់ ផ្សេងទៀត។ ក្រោយពីធ្វើសកម្មភាពរួចរាល់ហើយ ជនជាប់ចោទទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់តែម្តង៕