(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្រេចតែងតាំងនាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុនសែលកាត លោក Simon Perkins ហើយការតែងតាំងនេះ បានចូលជាធរមាន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
លោក Simon Perkins គឺជាអ្នកជំនាញនៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ដោយទទួលបានភាពជោគជ័យជាមួយក្រុមហ៊ុន មីលខម (Millicom) ក្រុមហ៊ុនអេស៊ាតា (Axiata), ក្រុមហ៊ុន ហាចជីសន (Hutchison) និង ក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេស។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា «ខ្ញុំសូមធ្វើការទទួលស្គាល់ភាពជោគជ័យរបស់ លោក Ian Watson អស់រយៈពេល៩ឆ្នាំនៃការធ្វើការជាមួយខ្ញុំ និងបម្រើក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងនាមជានាយកប្រតិបត្តិដ៏សំខាន់មួយរូប។ លោក Ian កំពុងទន្ទឹងរង់ចាំត្រឡប់ទៅអង់គ្លេសវិញ។ ឥឡូវនេះក្រុមហ៊ុនសែលកាត ស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អទាំងក្នុងស្រុក និងក្នុងតំបន់ ដែលត្រូវបានចាត់ទុកថា ជាប្រ៊េន (Brand) ដែលអាចវិនិយោគបានខ្លាំង»។
អ្នកឧកញ៉ាបន្ថែមថា «ខ្ញុំរីករាយ ដែលលោក Simon Perkins បានទទួលយកតំណែងជានាយកប្រតិបត្តិ ហើយទន្ទឹងរង់ចាំការរីកចម្រើនរបស់សែលកាត ក្នុងអាណត្តិរបស់គាត់»។
លោក Simon Perkins បានបញ្ជាក់ថា «ខ្ញុំពិតជារំភើបណាស់ ដែលបានចូលរួមជាមួយក្រុមហ៊ុន សែលកាត និងរ៉ូយ៉ាល់គ្រុប។ ខ្ញុំទន្ទឹងរង់ចាំនូវការអភិវឌ្ឍន៍ក្រុមហ៊ុនបន្ថែមទៀត និងចូលរួមចំណែកដល់ចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជំរុញបន្ថែមឱ្យមានការតភ្ជាប់ពេញលេញ និងបម្រើប្រព័ន្ធទូរគមនាគមន៍ឌីជីថលទូទាំងប្រទសកម្ពុជា»។
សូមជម្រាបថា សែលកាត គឺជាក្រុមហ៊ុនតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិកម្ពុជា ១០០ភាគរយ។ ដោយបានដំណើរការតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនសែលកាត គឺជាបណ្តាញទូរស័ព្ទចល័ត ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត គឺពានរង្វាន់ ឧស្សាហកម្មជាង៣០ សម្រាប់ឧត្តមភាពបណ្តាញក្រុមហ៊ុន រួមទាំងពានរង្វាន់ Ookla Speedtest ចំនួន៦ជាប់គ្នា និងពានរង្វាន់ជាច្រើនទៀតដែលឈ្នះពី Opensignal រួមទាំងពានរង្វាន់បទពិសោធន៍ហ្គេម (Best Games Experience) ល្អបំផុតនៅខែកុម្ភៈ ឆ្នាំ២០២០៕