(កំពង់ចាម)៖ នៅក្នុងឱកាសចុះវាស់វែងដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ធ្វើការអភិវឌ្ឍផ្សេងៗនាពេលខាងមុខ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឈួន វិបុល អភិបាលរងស្រុក បានសំណូមពរដល់ប្រជាពលរដ្ឋ មុននឹងធ្វើការសាងសង់អ្វីមួយ ត្រូវធ្វើការស្នើសុំមកអាជ្ញាធរ ដើម្បីចុះពិនិត្យជាមុនសិន ចៀសវាងប៉ះពាល់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ នាំឱ្យមានបញ្ហានៅពេលក្រោយ។
លោក ឈួន វិបុល បានឲ្យដឹងទៀតថា ដីប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំអូរស្វាយ បានវាស់ធ្វើប្លង់លក្ខណៈជាប្រព័ន្ធរួចរាល់អស់ហើយ ដូច្នេះសុទ្ធតែក្បាលដីស្របច្បាប់ និងមានប្លង់រឹងកំណត់ព្រំប្រទល់ត្រឹមត្រូវ មិនអាចមានទំនាស់ លើបញ្ហាអ្វីទេ ព្រោះប្រជាពលរដ្ឋមានប្លង់ដើម្បីផ្ទៀងផ្ទាត់ទៅលើជើងម៉ែត្រ និងចំណីផ្លូវដែលបានកំណត់ ដោយមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកអភិបាលរងស្រុកកំពង់សៀម បានបញ្ជាក់ទៀតថា លោកនឹងចាត់ឱ្យក្រុមមន្ត្រីជំនាញភូមិបាល ចុះវាស់វែងឆែកជើងម៉ែត្រ ដើម្បីកំណត់ចំណុចចំណីផ្លូវ សាធារណៈរបស់រដ្ឋ ចំណែកក្បាលដីរបស់ប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ទៅតាមប្លង់រឹងដែលខ្លួនបានកាន់កាប់៕