(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើដល់ជួរថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលមានការពាក់ព័ន្ធ ត្រូវបន្តត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងយន្តការអនុវត្តឱ្យមានប្រសិទ្ធភាព ឱ្យបានកាន់តែល្អប្រសើរថែមទៀត ជុំវិញការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ខេត្តកំពត មានចំនួនអ្នកកើតសរុប ២,១០៧នាក់ កំពុងព្យាបាល ១,០៤៥នាក់ ស្លាប់ ២១នាក់។
ការស្នើនេះរបស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងឱកាសដែលដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ពាក់ព័ន្ធជុំវិញជំងឺកូវីដ១៩ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងពាក់ព័ន្ធ។
លោក ជាវ តាយ បានថ្លែងថា ចំពោះខេត្តកំពត បាននិងកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍២០កុម្ភៈ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ព្រមទាំងវិស័យឯកជន និងប្រជាពលរដ្ឋក្នុងខេត្ត បានសហការគ្នាក្នុងការចូលរួមទប់ស្កាត់ដោយចំណាយទាំងពេលវេលា ថវិកា និងសម្ភារៈ ហើយបានធ្វើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត បានល្អប្រសើរ ដោយយើងបានគ្រប់គ្រងសភាពការណ៍ទាន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការកៀគរសប្បុរសជន និងជំនួយឧបត្ថម្ភទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ ព្រមទាំងបានដាក់ចេញនូវគោលការណ៍ណែនាំ និងវិធានការណ៍បន្ទាន់ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
លោក ជាវ តាយ បានគូសបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ សម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធសាស្ត្រ បន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត ដោយត្រូវអនុវត្តវិធានការមួយចំនួន រួមមាន៖
*ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ផ្លូវទឹក និងផ្លូវអាកាស
*ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន
*ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ
*ដាក់ព្យាបាលដាច់ដោយឡែក សម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងជាពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជាបានសហការជាមួយថៃរួចហើយ។
ទន្ទឹមនឹងនេះលោក ជាវ តាយ ក៏បានណែនាំដល់អភិបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាល។ ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោលត្រូវ សហការជាមួយក្រុមគ្រូពេទ្យ ក្នុងការយកសំណាកបានទាន់ពេលវេលាជៀសវាងការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរក្នុងសហគមន៍ ពិសេសកាត់បន្ថយនូវការស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។
លោក ជាវ តាយ បានបន្ថែមថា ជំងឺកូវីដ១៩ គឺជាបញ្ហាសាកល ដោយឡែកសម្រាប់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយដាក់ចេញនូវចំណាត់ការ និងវិធានការផ្សេងៗ ដើម្បីដឹកនាំគ្រប់គ្រង រក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋដាក់ចេញនូវគោលការផ្ដល់សាច់ប្រាក់ ផ្គត់ផ្គង់ស្បៀងអាហារ ការព្យាបាល និងការផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់ប្រធានមន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ និងឆ្លើយតបចំពោះរឿងនេះ។ នៅក្នុងកិច្ចប្រជុំនេះ លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា រយៈពេលកន្លងមកខេត្តកំពត បានគ្រប់គ្រង និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងល្អ។ ប៉ុន្តែក្រោយផ្ទុះការឆ្លងនៅក្នុងកាស៊ីណូច្រកព្រំដែនតន់ហន់ កាលពីថ្ងៃទី ២៨ ខែឧសភាមក ការឆ្លងរាលដាលជំងឺបានចូលដល់ក្លឹបកម្សាន្ត KTV, ពន្ធនាគារ និងរោងចក្រមួយចំនួន។ គិតមកដល់ថ្ងៃនេះ ខេត្តកំពត មានចំនួនអ្នកកើតសរុប ២,១០៧នាក់ កំពុងព្យាបាល ១,០៤៥នាក់ ស្លាប់ ២១នាក់។ ការឆ្លងមានការថយចុះហើយ ក្រោយពេលបានពិនិត្យ និងធ្វើតេស្តរហ័សនៅរោងចក្រពូចិនរួច។
លោក ញា ប៊ុនថន ក៏បានបញ្ជាក់ផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ខេត្តកំពតនឹងទទួលបានវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូននដល់ប្រជាពលរដ្ឋនៅក្រុងកំពត និងក្រុងបូកគោ ហើយនឹងបន្តចាក់ជូនជាជំហានៗ ទៅតាមស្រុកផ្សេងៗទៀត។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំភ្លាម លោកចាប់ពិបាលខេត្ត ជាវ តាយ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ជូនអាល់កុល ចំនួន ៩៩០លីត្រ និងម៉ាស ចំនួន ៣៣០ប្រអប់ ដល់មណ្ឌលសុខភាព ទាំង ៦៦ ក្នុងខេត្ត ដើម្បីចាត់ចែងប្រើប្រាស់ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន៕