(ភ្នំពេញ)៖ ក្រោយពីមានការឯកភាពស្រុះស្រួលគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ជាមួយការទទួលយកគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ បានស្ម័គ្រចិត្តរុះរើសំណង់មិនរៀបរយ នៅលើសាធារណៈដោយស្នាមញញឹម។
អភិបាលរងខណ្ឌចំការមន លោក អាំង សិរីពិសិដ្ឋ ដែលចុះពិនិត្យមើលការរុះរើ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រាប់ថា ដោយមានការព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋអស់ពេលជាងកន្លះឆ្នាំសំណាក់អាជ្ញាធរ និងតាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទើបសម្រេចឲ្យមានការដោះស្រាយជូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានតាំងទីលំនៅលើផ្លូវសាធារណៈរបស់រដ្ឋ តាមផ្លូវលេខ១០១ កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះដោះដូរតាមគោលនយោបាយដោយការពេញចិត្តប្រកបដោយស្នាមញញឹម។
លោក អាំង សេរីពិសិដ្ឋ បានបញ្ជាក់បន្ថែមថា សំរាប់អណត្តិរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំការមន បានដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋជាបន្តបន្ទាប់បានសរុបចំនួន១១គ្រួសារហើយ។ លោកបានបន្ថែមថា អាជ្ញាធរនឹងបន្តធ្វើការដោះស្រាយគោលនយោបាយបែបបន្តទៀត ព្រោះរាជធានីភ្នំពេញ ត្រូវការអភិវឌ្ឍន៍ដោយមិនអាចទុកឲ្យមានផ្ទះ ខ្ទម សង់នៅលើផ្លូវសាធារណៈរបៀបនេះបានឡើយ។
លោកបញ្ជាក់ថា ការដោះស្រាយរបស់អាជ្ញាធរខណ្ឌជាមួយប្រជាពលរដ្ឋទាំង៤គ្រួសារ គឺមានលក្ខណៈល្អប្រសើរ ដោយមានការយោគយល់តាមការស្នើសុំ និងសប្បាយចិត្តទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ។
ខណៈចុះពិនិត្យមើលការរុះរើសំណង់មិនរៀបរយ លើផ្លូវសាធារណៈ លេខ១០១ កែងផ្លូវ៤៣២ នាព្រឹកមិញនេះ ប្រជាពលរដ្ឋបានស្ម័គ្ររុះរើដោយខ្លួនឯងបាន៣គ្រួសារហើយ។ ដោយឡែកនៅមួយគ្រួសារទៀត គាត់ពេល សប្តាហ៍កក្រោយ ដើម្បីម៉ូយបាយរបស់គាត់ និងមានពេលរៀបចំផ្ទះថ្មីផងដែរ។ ជាមួយគ្នានេះលោក អាំង សិរីពិសិដ្ឋ ក៏បានឯកភាពតាមការស្នើសុំ ដើម្បីសេចក្តីសុខសុវត្ថិភាព និងជីវភាពមុខរបរគាត់ផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារនេះ រស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះរើដោះដូរតាមគោល នយោបាយដោយការពេញចិត្ត ប្រកបដោយស្នាមញញឹម គឺដើម្បីភាពស្រស់បំព្រង និងមុខមាត់នៃទីក្រុងភ្នំពេញ៕