(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៣នាក់បន្ថែមទៀត។ ខណៈចំនួន៧៦នាក់បានជាសះស្បើយ។
អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៥៣នាក់នេះ មាននៅស្រុកកំពង់សៀម ចំនួន៨នាក់, ស្រុកចំការលើ ចំនួន៦នាក់, ស្រុកជើងព្រៃ ចំនួន៥នាក់, ស្រុកបាធាយ ចំនួន៩នាក់, ស្រុកស្ទឹងត្រង់ ចំនួន២នាក់, ស្រុកកងមាស ចំនួន៦នាក់, ស្រុកស្រីសន្ធរ ចំនួន១នាក់, ស្រុកព្រៃឈរ ចំនួន១៣នាក់, មកពីខេត្តត្បូងឃ្មុំ ចំនួន១នាក់ និងខេត្តកំពង់ធំ ចំនួន២នាក់។
រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតផងដែរ មាននៅស្រុកកំពង់សៀម និងស្រុកព្រៃឈរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕