(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នឹងរៀបចំដាក់ដំណើរការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២១ នេះតទៅ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កិច្ចពិគ្រោះយោបល់នឹងបែងចែកជាក្រុមពិគ្រោះយោបល់ តាមវិស័យសិទ្ធិមនុស្សនីមួយៗ ហើយគ្រោងនឹងធ្វើឡើង តាមរយៈការជួបប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ឬ/និងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ ការរៀបចំដំណើរការពិគ្រោះយោបល់នេះ គ្រោងនឹងធ្វើឡើងប្រមាណជា៦០ កិច្ចពិគ្រោះយោបល់ រហូតដល់ត្រឹមដំណាច់ឆ្នាំ២០២១។
សាធារណៈជនក៏អាចផ្តល់យោបល់ និងធាតុចូលតាមរយៈ Facebook Page និង Telegram Channel របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដូចខាងក្រោម៖
-Facebook page: Cambodian Human Rights Committee
-Telegram channel: Comment on NHRC Law (https://t.me/comment_on_NHRC_Law)៕