(ភ្នំពេញ)៖ ផលិតកម្ម Wonder Film បានសម្ពោធស្នាដៃ​ទី១របស់ខ្លួន បញ្ចាំងជាផ្លូវការ ​នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ដែលបានចំណាយទុនប្រមាណជាង ១០ម៉ឺនដុល្លារ ក្នុងការផលិត ក្រោម​ការ​ចូលរួម​ពី​ប្រធាន​នាយកដ្ឋាន​​ភាពយន្ត លោក ស៊ិន ចាន់សាយ៉ា ផលិតករ អ្នកដឹកនាំសម្ដែង និង​សិល្បករ​-សិល្បការិនី ជាច្រើនរូប។

លោក សែន វិសាល ប្រធាន​គ្រប់គ្រង​ និង​ជា​អ្នក​និពន្ធ​រឿង «ប្រាសាទកំបាំងមុខ​» ប្រចាំក្នុងផលិតកម្ម Wonder Film Entertainment បាន​និយាយ​ថា ក្នុងរឿងនេះ ថ្វីបើជាស្នាដៃទី១របស់ផលិតកម្ម ហើយបានចំណាយទុនផលិត​ អស់ច្រើនបន្តិចក្ដី ប៉ុន្តែលោកធ្វើនេះ គឺចង់ឲ្យភាពយន្តមានលក្ខណៈពិសេស មានគុណភាពល្អ ខុសប្លែកពីភាពយន្តដទៃ ជាស្នាដៃរបស់កូនខ្មែរពិតៗ ហើយលក្ខណៈ​ពិសេស​ នៃ​ស្នាដៃ​របស់​លោក គឺ​មិន​បាន​ចម្លង​សាច់​រឿង​ពី​គេ​នោះ​ទេ។ ជាមួយគ្នានេះ ការដាក់បញ្ចាំងភាពយន្តនេះឡើង លោកមិនផ្តោតសំខាន់ និងរំពឹងខ្ពស់ថា ទទួលបានប្រាក់ចំណេញ ឬខាតនោះទេ ពោលលោកចង់ឲ្យកូនខ្មែរទទួលស្គាល់ ស្នាដៃរបស់កូនខ្មែរ ស្គាល់ពីវប្បធម៌របស់ខ្មែរ ដើម្បីឲ្យអន្តរជាតិដឹងថា ខ្មែរក៏មានវប្បធម៌ និងអរីយធម៌ ដ៏អស្ចារ្យ តាំងពីយូរលង់ណាស់មកហើយ។

លោកនិយាយបន្តថា ​ក្នុងរឿង «ប្រាសាទកំបាំងមុខ» របស់ផលិតកម្ម Wonder Film បាន​ផ្ដោតសំខាន់ ក្នុងការដាក់បញ្ចូល​នូវ​ឫសគល់​ក្បាច់​គុន​ខ្មែរ​ តាំងពីជំនាន់មុន មានដូចជាក្បាច់​ល្បុក្កតោ​ ក្បាច់គុណបុរាណ ដែល​ត្រូវ​បាន​គេ​មើល​រំលង ដោយក្បាច់​គុន​ទាំង​នោះ​ បាន​ស្រាវជ្រាវ​ពី​យ័ន្ត​បុរាណ និង​សិលា​ចារិក​នានា​ តាម​ប្រាសាទ​បុរាណ​ មុន​ចងក្រង​ជា​សាច់រឿង ហើយដើម្បីបង្ហាញ ឲ្យមនុស្សជំនាន់ថ្មីដឹងថា ក្បាច់គុណខ្មែរពីបុរាណ ពិតជាអស្ចារ្យ និងបង្ហាញពីអត្ថសញ្ញាណ នៃវប្បធម៌តាំងពីសម័យដើម។

អ្វីដែលកាន់តែអស្ចារ្យជាងនេះ ត្រូវបាន​លោក សែន វិសាល ​សង្កត់ធ្ងន់​ថា ស្នាដៃ​ដំបូង​របស់​លោក​បាន​ ចំណាយទុនក្នុងការផលិតចន្លោះពី១០ម៉ឺន​ ទៅ១២ ម៉ឺនដុល្លារអាមេរិក និង​ចំណាយ​ពេល​ជាង ១ ឆ្នាំ​សម្រាប់​ដំណើរ​ការ​ផលិត ដើម្បី​នាំ​មក​នូវ​គុណភាព​ល្អ សម្រាប់​ទស្សនិកជន ហើយជោគជ័យ​របស់លោក មិនបានគិតទៅ​លើ​ប្រាក់​ចំណេញ​ទេ តែ​ជោគជ័យ​លើ​គុណភាព​ភាពយន្ត​ សម្រាប់​ទស្សនិកជន៕