(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន ប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានលើកឡើងថា សភាពការណ៍ពិត និងសមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានពិសេសរួមមាន កត្តាសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លទ្ធផលជូនជាតិខាងលើនេះ គេមិនអាចបំភ្លេចបាននោះទេ នូវក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែតម្កល់ ប្រយោជន៍រាស្ត្រជាធំ។
លោកបានលើកឡើងបែបនេះ នៅក្នុងពិធីបិទវគ្គអប់រំនយោបាយ គណបក្សប្រជាជនកម្ពុជាសង្កាត់បន្ទាយដី សង្កាត់ព្រៃញី និងសង្កាត់រលាប ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំសណ្ឋាគារខេអឹម។
គួរបញ្ជាក់ផងដែរថា វគ្គអប់រំនយោបាយនេះត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០១៦ ដែលមានសិក្ខាកាមមកពីសង្កាត់បន្ទាយដី សង្កាត់ព្រៃញី និងសង្កាត់រលាប ក្រុងពោធិ៍សាត់សរុបចំនួន៨៨នាក់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា «វគ្គបំប៉ននេះ គឺជាទុនដ៏វិសេសវិសាល ដែលអាចឲ្យយុវជនយើង យល់ដឹងពីវិធីសាស្ត្រថ្មី ទាក់ទងជាមួយការមួយ ការឃោសនា វិធីសាស្ត្រការពារគណបក្សរក្សា សមាជិកបក្ស ការកសាងបណ្តាញបណ្តាញ និងកម្មវិធីមនុស្សធម៌នានា»។
លោកបានបន្ថែមទៀតថា វគ្គអប់រំនេះ គឺដើម្បីត្រៀមកម្លាំងយុវជនជាមុន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ និងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៦។
លោក សំរិទ្ធ អេង អនុគណៈដឹកនាំក្រុមការងារក្រុង ទទួលបន្ទុកប្រចាំការ និងជាប្រធានគណបក្សក្រុងពោធិ៍សាត់ បានឲ្យដឹងថា វគ្គបំប៉នដែលសិក្សារយៈពេល៣ថ្ងៃ ហើយត្រូវបានបញ្ចប់នាពេលនេះ គឺផ្តោតទៅលើមេរៀនសំខាន់ចំនួន៥គឺ៖១-កំណើតគណបក្សប្រជាជនកម្ពុជា និងប្រវត្តិសកម្មភាពស្នាដៃបទពិសោធន៍ នៃការដឹកនាំរបស់គណបក្ស ២-គោលការគ្រឹះនៃកម្មវិធីនយោបាយ របស់គណបក្ស ៣-ការងារយល់ដឹងមួយចំនួន អំពីលក្ខណន្តិកៈគណបក្ស ៤-សភាពការណ៍កម្ពុជា និងភារកិច្ចចំពោះមុខ និង៥-ការកសាងសីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស។ បន្ថែមពីនោះក៏មានមេរៀនអំពីការតស៊ូមតិ និងវេទិកាសំណួរចម្លើយរបស់យុវជន ដែលបង្រៀនដោយលោក អ៊ឹង គឹមលាង អនុប្រធានក្រុមការងារយុវជន ខេត្តពោធិ៍សាត់ផងដែរ៕