(កំពត)៖ រោងចក្រស៊ីម៉ងត៍ធំជាងគេ និងទំនើបជាងគេ នៅកម្ពុជា ដែលមានទីតាំង ក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់ នៅខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
រោងចក្រស៊ីម៉ងត៍នេះ គឺជាសមិទ្ធិផល នៃក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលកើតចេញពីការវិនិយោគរួមគ្នាគិតជាទឹកប្រាក់ ២៦២លានដុល្លារ សហរដ្ឋអាមេរិក រវាងក្រុមហ៊ុន ជីបម៉ុងស៊ីមេនគ្រុបនិងក្រុមហ៊ុន ស៊ីយ៉ាមស៊ីធីស៊ីមេន ផាប់ប្ល៊ិកខមភែនីលីមីតធីត ដែលជាក្រុមហ៊ុន មានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងការផលិតស៊ីម៉ងត៍ដ៏ធំជាងគេមួយ នៅក្នុងតំបន់អាស៊ាន។ រោងចក្រថ្មីនេះនឹងត្រូវបានបំពាក់ដោយសម្ភារៈ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ពីប្រទេសចិន និងអាល្លឺម៉ង់ហើយនឹង មានសមត្ថភាពផលិត ស៊ីម៉ងត៍បាន៥ពាន់តោន ក្នុងមួយថ្ងៃ។
លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន ជីបម៉ុងអ៊ិនស៊ីស៊ីមេន ខបភើរេសិន បានថ្លែង ក្នុងពិធីបញ្ចុះបឋមសិលាថា រោងចក្រថ្មីនេះ ត្រូវបានរចនាឡើង ដើម្បីអនុលោមតាមបទដ្ឋានគុណភាព អន្តរជាតិ និងសន្សំសំចៃថាមពល។ រោងចក្រនេះ នឹងត្រូវបានដំណើរការ តាមបទដ្ឋានអន្តរជាតិ និងផ្តល់សេវាដោយបុគ្គលិកដែលនឹងទទួលការ បណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ដើម្បីធានាសុខមាលភាព ដល់សហគមន៍ ដែលនៅក្បែររោងចក្រ និងរក្សាទំនាក់ទំនងល្អ ជាមួយដៃគូពាក់ព័ន្ធទាំងអស់។
លោកឧកញ៉ា លាង ឃុន បានឲ្យដឹងទៀតថា «រោងចក្រផលិតស៊ីម៉ងត៍មួយនេះ នឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងប្រយោជន៍ផ្សេងៗជាច្រើនទៀតដល់កម្ពុជា តាមរយៈការកាត់បន្ថយបន្ទុក ក្នុងការនាំចូលស៊ីម៉ងត៍ ពីបរទេសការប្រើប្រាស់ធនធាន ធម្មជាតិដោយភាពឆ្លាតវៃ ការកាត់បន្ថយអត្រាភាពក្រីក្រ និងការកាត់បន្ថយចំនួនកម្មករចំណាកស្រុក ទៅបរទេស»។
លោកឧកញ៉ា លាង ឃុន បានបញ្ជាក់ថា រោងចក្រស៊ីម៉ងត៍ដ៏ធំនេះ នឹងផ្តល់ការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ប្រជាពលរដ្ឋកម្ពុជា ។ ពេលកំពុងសាងសង់រោងចក្រត្រូវការកម្លាំងពលកម្មពី៦០០ទៅ១,៨០០នាក់ ហើយពេលសាងសង់រួច រោងចក្រនឹងផ្តល់ការងារដោយផ្ទាល់ចំនួន៥០០នាក់ និងដោយប្រយោលចំនួន៥ពាន់នាក់ទៀត។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ក៏បានសាទរលើគម្រោងសាងសង់ រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនេះផងដែរ។
សម្តេចបានមានប្រសាសន៍ថា «ការវិនិយោគ របស់ក្រុមហ៊ុនជីបម៉ុងអ៊ីនស៊ី ស៊ីមេន ខបភើរេសិន លើគម្រោងសាងសង់ រោងចក្រស៊ីម៉ងត៍នេះ គឺជាការវិនិយោគលើអនាគត របស់កម្ពុជា»។
សម្តេចបន្ថែមថា រោងចក្រខ្នាតធំនេះ នឹងជួយបំពេញតម្រូវការ ស៊ីម៉ងត៍ក្នុងវិស័យសំណង់កម្ពុជា ដែលកំពុងរីកចម្រើនខ្លាំង។
បើតាមការអះអាង របស់ម្ចាស់ភាគហ៊ុនធំ នៃក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេន ខបភើរេសិន រោងចក្រស៊ីម៉ងត៍នេះ នឹងក្លាយជារោងចក្រ ស៊ីម៉ងត៍ដ៏ធំបំផុត ទំនើបបំផុត សន្សំសំចៃថាមពលបំផុត និងបញ្ចេញកាកសំណល់ សារធាតុកាបូនទាបបំផុត នៅក្នុងប្រទេសកម្ពុជា៕