(ភ្នំពេញ)៖ ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាជំនួយរបស់មូលនិធិ GX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានបន្ដប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ នាទីស្ដីក្រសួងសុខាភិបាល។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងតាមរយៈវីដេអូសន្និសីទ ក្រោមអធិបតីភាពរបស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក លឿង ជុន យីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត រួមមាន៖
១៖ ម៉ាស៊ីនអុកស៊ីហ្សែន ចំនួន៣០០គ្រឿង
២៖ ម៉ាស់វះកាត់ ចំនួន ១.០០០.០០០ម៉ាស់
៣៖ អាវបំពង់ ចំនួន ៣០.០០០អាវ
៤៖ ស្រោមដៃ ចំនួន ១៦០.០០០គូ
៥៖ វ៉ែនតាសុវត្ថិភាព ចំនួន ១០.០០០
៦៖ របាំងមុខ ចំនួន ១០.០០០
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំណងមិត្តភាពកម្ពុជា-ចិន បានឈានដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជំនួយឥតសំណងជាច្រើនត្រូវបានផ្តល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកវិស័យសុខាភិបាលកម្ពុជា ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ជាក់ស្តែងមន្ទីរពេទ្យចំនួន២ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានគូសរំលេចអំពីសារសំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ថាជាចក្ខុវិស័យថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្នែកសុខភាព ជាក់ស្តែង នាឆ្នាំ២០១៧ ក្រសួងសុខាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលខ្សែក្រវ៉ាត់និងផ្លូវនៃទីក្រុង ហុង កុង និងមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក លើគម្រោងស្តីពីការលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយនៅខេត្តកំពុងចាម ដែលបានបញ្ចប់ដោយជោគជ័យនាឆ្នាំ២០១៩ ដោយអ្នកជំងឺភ្នែកឡើងបាយជាង ៦.០០០នាក់ ត្រូវបានវះកាត់ដោយជោគជ័យ ហើយពួកគាត់អាចបន្តជីវិតរស់នៅដោយភាពសប្បាយរីករាយ។
លើសពីនេះគម្រោងនេះបានចូលរួមចំណែកបង្កើនសមត្ថភាពមន្រ្តីសុខាភិបាលផ្នែកចក្ខុរោគនិងបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំសុខភាពភ្នែក និងការវះកាត់ភ្នែកឡើងបាយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានលើកឡើងថា គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយសារ ជំងឺឡើងបាយត្រូវបានពង្រីកទៅខេត្តព្រៃវែងទៀត ដែលគាំទ្រដោយមូលនិធិ GX ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកគម្រោងនេះត្រូវបានពន្យារពេល។រដ្ឋមន្ដ្រីថ្លែងថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ យ៉ាងមុតមាំថាគម្រោងនេះ នឹងត្រូវបានអនុវត្តនៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ ធូរស្បើយ។ ការគ្រប់គ្រង ឱ្យបានជំងឺរាតត្បាតនេះគឺជាគោលដៅរួមរបស់យើង។ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាកត្តាចាំបាច់»។
ប្រទេសកម្ពុជាកំពុងធ្វើការរួមគ្នា ជាមួយបណ្តាប្រទេសនានា ជាពិសេសជាមួយសាធារណរដ្ឋប្រជាមានិតចិន តាមរយៈរដ្ឋាភិបាល សមាគម និងក្រុមហ៊ុននានា ក្រសួងសុខាភិបាល បានទទួលជំនួយជាឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ដែលមានតម្លៃប្រមាណ ១០លានដុល្លារអាមេរិក រួមមានម៉ាស៊ីន PCR សម្រាប់មន្ទីរពិសោធន៍នៅខេត្តព្រះសីហនុ ឧបករណ៍ធ្វើតេស្តិ៍ ឧបករណ៍ជំនួយការធ្វើតេស្តរកវីរុសកូវីដ-១៩ សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងទៀត។
ជាងនេះទៅទៀត រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បាន បញ្ជូនក្រុមអ្នកជំនាញការដែលមានសមាជិក ៧នាក់ ដើម្បីដឹកនាំរៀបចំឯកសារគោលការណ៍ណែនាំ និង ចែករំលែកបទពិសោធន៍ដែលអនុវត្តបានជោគជ័យនៅក្នុងប្រទេសចិន ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ព្រមទាំងបាន បរិច្ចាគវ៉ាក់សាំងស៊ីណូហ្វាម ចំនួន ២,២ លានដូស។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសុខាភិបាល ព្រមទាំង លោក លឿង ជុន យីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX ព្រមទាំងសហការីទាំងអស់ នៃមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក និងមូលនិធិ GX ដែលតែងតែជួយឧបត្ថម្ភក្រសួងសុខាភិបាល៕