(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបនៅយប់ថ្ងៃទី៧ ខែកក្កដា នេះ បានសម្រេចបិទខ្នងផ្ទះ សរុប២៧ នៅក្នុងភូមិចំនួន២ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ការបិទជាបណ្ដោះអាសន្ននេះ ដោយសារទីតាំងទាំងនោះជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ខ្នងផ្ទះទាំង២៧ រួមមាន ២៣ខ្នងផ្ទះ នៅភូមិព្រៃធំ និង៤ខ្នង នៃភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ការសម្រេចបិទនេះមានរយៈពេល២សប្ដាហ៍ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ កក្កដា។ រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទនេះក្នុងបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងទីតាំងផ្ទះដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត។
ក្នុងលិខិតដាច់ដោយឡែកមួយទៀត អាជ្ញាធរខេត្តក៏សម្រេចបិទធនាគារស្ថាបនា ភីអិលស៊ី សាខាស្រុកជីក្រែង ដែលស្ថិតនៅភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ផងដែរ ក្រោយពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩៕