(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរី ពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្តីពាក់ព័ន្ធបានព្យាយាមអស់រយៈកាលជាងកន្លះឆ្នាំ ក្នុងការសម្របសម្រួលចរចាដោះស្រាយតាម គោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមផ្លូវលេខ១០១ កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្ត រុះរើដោះដូរតាមគោលនយោបាយដោយការពេញចិត្តប្រកបដោយស្នាមញញឹម។

លោក អាំង សិរី ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ក្រោមកិច្ចសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជម្រុញលើកទឹកចិត្ត សហការឧបត្ថម្ភគាំទ្រផ្តល់លទ្ធភាពមធ្យោបាយគ្រប់បែបយ៉ាងមកដល់រដ្ឋបាលខណ្ឌ ទីបំផុតប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ឯកភាពស្ម័គ្រចិត្តសហការរុះរើសំណង់មិនរៀបរយនេះ ចេញយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារនេះ រស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមនចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះរើដោះដូរតាមគោល នយោបាយ ដោយការពេញចិត្តប្រកបដោយស្នាមញញឹមគឺដើម្បីភាពស្រស់បំព្រងនៃទីក្រុងភ្នំពេញ៕