(រ៉ាបាត់)៖ អ្នកគាំទ្របាល់ទាត់ចំនួនបីនាក់បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាលបន្ទាប់ពីការ ប៉ះទង្គិចគ្នាបានកើតឡើងរវាងអ្នកគាំទ្រ បាល់ទាត់ក្នុងក្រុមដូចគ្នា នៅប្រទេសម៉ូរ៉ូកូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦។
តាមការដកស្រង់សម្តីពីមន្ត្រីមានសមត្ថកិច្ចរបស់ប្រទេសអាហ្វ្រិកខាងលិចនេះ បានឲ្យដឹងទៀតថា អំពើហិង្សាបានកើតឡើង នៅយប់ថ្ងៃអាទិត្យ រវាងអ្នកគាំទ្រដូចគ្នាក្នុងក្រុមបាល់ទាត់ Raja Casablanca ដែលប្រកួតជាមួយនឹងក្រុមផ្សេងទៀតឈ្មោះ Chabab Rif al Hoceima នៅឯពហុកីឡាដ្ឋាន Mohammed V stadium។
គួរបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងក្មេងប្រុសវ័យ ១៤ឆ្នាំម្នាក់ទៀតបានស្លាប់ ដោយសាររងរបួស ធ្ងន់ធ្ងរពេក កាលពីយប់ថ្ងៃអាទិត្យ។ អាជ្ញាធរម៉ូរ៉ូកូ បាន និងកំពុងព្យាយាមស្រាវជ្រាវរកជន ពាក់ព័ន្ធដើម្បីបានដឹងពីដើមចម នៃការឈ្លោះទាស់ទែងគ្នាដោយហិង្សាបែបនេះ។ ដោយឡែកការប្រកួតមួយ ចំនួនដែលគ្រោងធ្វើឡើងជាបន្តបន្ទាប់ ក៏ត្រូវបានផ្អាក ជាបណ្តោះអាសន្នសិនដែរ៕