(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នាល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះ គឺជាប្រជាលពលរដ្ឋរស់នៅឃុំកន្ទួតនិងឃុំស្រអែម ស្រុកជាំក្សាន្ត។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ប្រសិនបើមានករណីសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ ចំនួន ១៩៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៣០នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖