(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា «សសយក» នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព និងធ្វើជាវាគ្មិន ក្នុងបទបឋកថា ស្ដីពី «កម្ពុជាឆ្ពោះទៅមុខ» (Go Go Cambodia ) ជូនដល់សិស្ស-និស្សិត នៅក្នុងសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) ដោយមានការចូលរួម ពីសំណាក់លោកស្រី ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតជាច្រើននាក់។
លោកស្រី ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានមានប្រសាសន៍ថា លោកស្រីសូមសរសើ អស់ពីដួងចិត្តជូនចំពោះលោក ហ៊ុន ម៉ានី ដែលជាបុគ្គលឆ្នើមមួយរូប ទទួលបានជោគជ័យក្នុងជីវិត ទៅលើបទពិសោធន៍សិក្សា និងការងារ ហើយត្រូវបានគេទទួលស្គាល់ ពីភាពជោគជ័យនេះ ទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីជោគជ័យលើខ្លួនឯងហើយនោះ លោក ហ៊ុន ម៉ានី បានចែករំលែកបទពិសោធន៍ទាំងនេះ ជូនដល់យុវជន និងក្មេងៗជំនាន់ក្រោយ ដោយមិនគិតពីការនឿយហត់ ជាពិសេសតាមរយៈកិច្ចការជួយដល់សង្គម បំផុសស្មារតីយុវជនឲ្យមានសកម្មភាព ជួយដល់សង្គមជាតិរបស់យើង ដើម្បីឲ្យប្រទេសជាតិមានកិត្តិយស និងមុខមាត់ល្អនៅលើឆាកអន្តរជាតិ។
លោកស្រីបានសង្កត់ធ្ងន់ថា តាមរយៈបឋកថា ថ្ងៃនេះ នឹងធ្វើឲ្យយុវជន ជានិស្សិត ជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ទទួលបាននូវចំណេះដឹង យ៉ាងពិតប្រាកដ និងមើលឃើញពីការតស៊ូ ព្យាយាមអំណត់អត់ធន់ សីលធម៌ក្នុងការរស់នៅ និងភាពជោគជ័យជាច្រើនទៀត របស់លោក ហ៊ុន ម៉ានី ក្នុងន័យជាពន្លឺថ្មីមួយ កែប្រែតម្រង់ទិសដៅជីវិតរបស់ខ្លួន ឲ្យទទួលជោគជ័យដូចជារូបលោក។
ដោយឡែកលោក ហ៊ុន ម៉ានី បានចំណាយពេលប្រមាណជាង២ម៉ោង ដើម្បីធ្វើការពន្យល់ពីរបៀបរស់នៅឯក្រៅប្រទេស ពេលដែលលោកនៅវ័យក្មេង ហើយត្រូវបានបញ្ជូន ទៅសិក្សានៅប្រទេសបារាំង ជាលើកដំបូង ក្នុងវ័យ១១ឆ្នាំ។ លោក ហ៊ុន ម៉ានី បានបង្ហាញពីគន្លឹះនៃការសិក្សា ដើម្បីទទួលបាននូវចំណេះដឹង និងការអនុវត្តជាក់ស្ដែង ពេលទទួលបានចំណេះដឹងទាំងនេះ ជាប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ។ ត្រូវចេះស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយភាពជោគជ័យ បន្ទាប់ពីមានឪពុកម្ដាយ ចូលរួមមួយផ្នែកហើយនោះ ខ្លួនយើងផ្ទាល់ក៏ត្រូវតែខិតខំស្រវាចាប់យកវាដែរ ហើយកុំបន្ទោសទៅលើព្រេងវាសនា ឬបន្ទោសទៅលើនរណាឲ្យសោះ ប្រសិនបើខ្លួនយើងមិនបានទទួលជោគជ័យ។
លោក ហ៊ុន ម៉ានី បានបន្តបង្ហាញបទពិសោធន៍របស់ខ្លួន ដែលមានទាំងប៉ុន្មាន ចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេចេះចាប់យកឱកាស ចេះស្គាល់ឱកាស ចេះស្គាល់ពីខ្លួនឯង ស្គាល់ពីសង្គម ស្គាល់អ្នកនៅជុំវិញខ្លួន និងចេះច្នៃប្រឌិតឱកាស និងពេលវេលាដើម្បីទទួលបបាន ជោគជ័យក្នុងជីវិត។ ជាមួយគ្នានេះ លោកក៏បានបើកឲ្យនិស្សិតសួរ សំណួរជាច្រើន ទាក់ទងទៅនឹងគន្លឹះនៃភាពជោគជ័យ គន្លឹះនៃការសិក្សា ការដោះស្រាយបញ្ហាប្រឈមមុខ ការទទួលបានបទពិសោធន៍ពីក្រៅប្រទេស និងការបណ្ដុះគំនិតស្មារតី ឲ្យចេះស្រឡាញ់ការសិក្សា និងស្រឡាញ់ប្រទេសជាតិជាដើម ដើម្បីកម្ពុជាឆ្ពោះទៅមុខ និងមានភាពជឿនលឿន ដូចបណ្ដាប្រទេសដទៃទៀត៕