(កណ្ដាល)៖ លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមកាងារ ចុះជួយសង្កាត់កំពង់សំណាញ់ បានចែកប័ណ្ណសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមពេទ្យទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធ ទាំងឡាយ ដែលបានលះបង់អស់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរយៈពេល២៨ថ្ងៃ ពោលឺចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងបេសកកម្មដ៏ថ្លៃថ្លានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង២ដូស ជូនប្រជាជនទូទាំងសង្កាត់កំពង់សំណាញ់ បានយ៉ាងជោគជ័យ។
ស្ថិតនៅក្នុងឱកាសប្រគល់ប័ណ្ណសរសើរ និងថ្លែងអំណរគុណ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១នេះ លោក ង៉ោ សុវណ្ណ បានថ្លែងថា សូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់បងប្អូនក្រុមគ្រូពេទ្យទាំងឡាយ និងក្រុមអាជ្ញាធរទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ក្នុងការចុះចាក់វ៉ាក់សាំង និងរៀបចំដំណើរការនៃការចាក់នេះ ដែលមានភាពរលូនល្អ និងទទួលបានជោគជ័យគួរឱ្យសរសើរ។
លោកបានកោតសរសើរផងដែរ ដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់កំពង់សំណាញ់ទាំងអស់ ដែលមានការយល់ដឹងខ្ពស់ ក្នុងការចូលរួមទទួលយកការចាក់វ៉ាក់សាំង និងចូលរួមគ្រប់ៗគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញពី តម្លៃនៃសន្តិភាព ដែលស្រុកទេសយើងមានមេដឹកនាំខ្លាំង ដែលបានគិតគូរសុខទុក្ខប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។
លោក ង៉ោ សុវណ្ណ ក៏បានលើកឡើងគុណូបក្ការៈដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលលោកខិតខំយកចិត្តទុកដាក់ដល់សុខមាលភាពប្រជាជនទូទាំងប្រទេស ធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ១៩នេះ ចេញឱ្យអស់ពីកម្ពុជា ខណៈដែលសម្ដេចបានបញ្ជាឱ្យចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលត្រូវលក្ខណក្នុងការចាក់វ៉ាក់សាំងនេះ។
ទោះយ៉ាងណាក៏លោក ង៉ោ សុវណ្ណ ក៏នៅតែបន្តអំពាវនាវពលរដ្ឋសង្កាត់កំពង់សំណាញ់ទាំងអស់ ត្រូតែបន្តរួមគ្នាទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ តាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ត់ចត់ ដ្បិតបានចាក់វ៉ាក់សាំងយ៉ាងណាក្ដី ប៉ុន្តែវិធានការការពារ ក៏ត្រូវតែអនុវត្តន៍ ហើយសូមកុំប្រហែលចំពោះរឿងនេះ៕