(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងមួយថា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលដោយស្ម័គ្រចិត្ត ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅសង្កាត់កំពង់ស្វាយ, សង្កាត់ព្រះពន្លា, សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយសហការជាមួយយោធភូមិភាគទី៥ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ តទៅចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទី និងចាប់ពីម៉ោង១រសៀលដល់ម៉ោង ៤រសៀល តាមគោលដៅកំណត់ចំនួន៤ ទីតាំងនៅក្នុងក្រុងសិរិសោភ័ណ។
រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូចីដ១៩នេះ ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីរោងចក្រ ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬបណ្ណសម្គាល់ការងារ ឬសំបុត្រកំណើតជាដើម៕