(អ៊ីស្តង់ប៊ុល)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសតួកគី លោក Efkan Ala បានថ្លែងឲ្យដឹងថា បុរសដែលបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនោះគឺមានទំនាក់ទំនងជាមួយនឹងក្រុមឧទ្ទាម ISIS ហើយការបំផ្ទុះនេះគឺត្រូវធ្វើឡើងតាមបញ្ជារបស់មេដឹកនាំក្រុម ISIS នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT ទើបតែចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែមីនានេះ។
លោក Efkan Ala បានបញ្ជាក់ថា តាមការពិនិត្យ DNA របស់ជនបំផ្ទុះគ្រាប់បែក បានរកឃើញថា ជនបង្កមានឈ្មោះ Mehmet Öztürk កើតនៅឆ្នាំ១៩៩២ រស់នៅភាគខាងត្បូងទីក្រុង Gaziantep ប្រទេសតួកគី។ ភេរវកររូបនេះ មិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋឡើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានបាត់ដំណឹងរបស់គេសូន្យសឹង ហើយក្រោយពីការស៊ើបអង្កេតបានរកឃើញថា Öztürk បានចូលរួមជាមួយក្រុម ISIS។ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកនេះផងដែរ មានមនុស្ស ៥នាក់ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅលើផ្លូវ Istiklal ដែលជាទីប្រជុំជនមួយស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជិត ៣០នាក់៕