(កណ្ដាល)៖ ក្រោយមានព័ត៌មានពីការលក់ដីវត្តសុវណ្ណសាគរ និងដីប៉ុស្តិ៍អរិយក្សត្រ ក្នុងតម្លៃជិត១លានដុល្លាររួចមក លោក កន សុកកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានចេញលិខិតកោះហៅមនុស្សពាក់ព័ន្ធមួយចំនួន ទៅប្រជុំនៅថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២១ខាងមុខ ដើម្បីសួរនាំសាច់រឿង ។
លោក កន សុកកាយ បានថ្លែងបញ្ជាក់មកកាន់ភ្នាក់ងារ Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថា លោកទើបតែឡើងមកធ្វើជាអភិបាលស្រុកល្វាឯមនេះមួយរយ:ប៉ុណ្ណោះ ហើយការលក់ដូរនេះ លោកពុំបានដឹងទាល់តែសោះ ហើយថាករណីនេះពុំស្របទៅតាមច្បាប់ឡើយ ពោលគឺលោកអះអាងថា មិនបានចុះហត្ថលេខាលើករណីនេះឡើយ ដូច្នេះការលក់នេះគឺជារឿងខុសច្បាប់។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីសារព័ត៌មានមួយចំនួនបានចុះផ្សាយពីករណីនេះ លោកមានការភ្ញាក់ផ្អើល ខណ:ដែលលោកពុំបានដឹងទាល់តែសោះ ហើយលោកនឹងកោះហៅមនុស្សពាក់ព័ន្ធមកសួរនាំនៅថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ៕