(ភ្នំពេញ)៖ ក្រុមការងារនៃគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ របស់ JICA និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យប្រព័ន្ធលូក្រោមដីជាច្រើនរយម៉ែត្រ នៅផ្លូវលេខ៤៧ នៅខាងជើងវត្តភ្នំ និងចុះពិនិត្យមើលការសាងសង់ស្ថានីយ៍បូមទឹកមុខ CDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ជប៉ុនតារយៈ JICA ។

លោក H. MeaDA ទីប្រឹក្សាត្រួតពិនិត្យ JICA បានឱ្យដឹងថា ការជីកដាក់លូក្រោមដីទំហំធំ ស្ថិតក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូ ជំហានទី៤ របស់ JICA ដោយចាប់ពីផ្លូវលេខ៤៧ ដល់វង្វេង់មូលគួចកាណុង ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨ (ដាក់លូទំហំ១.៨ម៉ែត្រ) ផ្លូវលេខ៨៨ ចាប់ពីផ្លូវលេខ៤៧ ដល់ផ្លូវស៊ីសុវត្ថិ (ដាក់លូទំហំ២.៣០ម៉ែត្រ), ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ១.៨ម៉ែត្រ រហូតមកដល់ស្ថានីយបូមទឹកមុខ CDC ទន្លេសាប ។

លោក H. MeaDA បានបន្តថា ក្នុងគម្រោងនេះក៏មានការកសាងអាងស្តុបទឹកដែលមានទំហំបណ្តោយ១៣៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុក ទឹកបាន ៦,៥០០ម៉ែត្រគូប។

លោកបន្តទៀតថា ស្ថានីយ៍បូមទឹកថ្មីនេះជាស្ថានីយ៍បូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១.៤ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ ចាប់សំរាម ផងដែរ ។ គម្រោងនេះគ្រោងនឹងភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះនៅក្នុងអំឡុងខែតុលាខាងមុខនេះ។ ក្រោយបញ្ចប់គម្រោងនេះហើយ វាអាចរំដោះទឹកភ្លៀង ចេញពីតំបន់ ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា និងមួយផ្នែកខ្លះទៀត នៅខណ្ឌទួលគោក។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះប្រើប្រាស់ទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះរួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយ៍បូមទឹក របារត្រង់សំរាមមេកានិចស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក៕