(ភ្នំពេញ)៖ ដោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរដូវវស្សាខាងមុខនេះ ដើម្បីបញ្ចៀសការលិចលង់ផ្លូវ២០០៤ (ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល) ខណៈភ្លៀងធ្លាក់ជោកជាំម្តងៗ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដាក់គ្រឿងចក្រ ធ្វើការជួសជុលផ្លូវ និងដាក់បណ្ដាញលូ ផ្លូវនេះបន្ទាន់ និងការដាក់លូជាច្រើនខ្សែទៀត នៅអមទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល ក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុង ឆ្អឹងដែក កំរាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រ និងទទឹង ពី ១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ។

ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការដាក់ប្រព័ន្ធលូ បង្ហូរទឹកទំហំ ១ម៉ែត្រសង្ខាងផ្លូវ ដាក់លូកាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ៣៧១ផងដែរ។

មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អប្រព័ន្ធលូចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល កែងផ្លូវ៣៧១ ផងដែរ ដោយដាក់លូជ្រុង (U) ដើម្បីដោះស្រាយការលិចដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ៕