(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ឧបត្ថម្ភថវិកា ៣៥,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីប្រគល់ និងទទួលថវិកា បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជាមួយលោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកស្រី ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានជម្រាបជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៥០ម៉ឺនដុល្លារ ជាជំហានទី១ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ និងថវិកាចំនួន ១លានដុល្លារ ជាជំហានទី២ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១។
កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន ៥០ខ្នង ជាជំហានទី១ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៥០គ្រួសារ រួចមកហើយដែរ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ហើយគ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន ១៣០ខ្នង-១៥០ខ្នងទៀត ជាជំហានទី២ នៅដេីមខែសីហា ឆ្នាំ២០២១ខាងមុខនេះផងដែរ។
ជាកិច្ចឆ្លើយតប លោកស្រីទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យបានចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិតែងតែធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងពិតប្រាកដ និងបានកសាងនូវភាពជឿជាក់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។
សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣,៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ ២៧០ដុល្លារអាមេរិក៕