(ភ្នំពេញ)៖ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជួយកាត់បន្ថយការចំណាយថវិកាសន្សំសំចៃថវិកាជាតិ ឱ្យអស់កាន់តែតិចតាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវរក្សាបាននូវគុណភាពផ្លូវរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង។
លោក សួង ហេង បានស្នើយ៉ាងដូចនេះ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំចរចាថ្លៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងការចូលរួមតាមប្រព័ន្ធវីដេអូចម្ងាយ ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពសាងសង់ផ្លូវ៣៨ខ្សែ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីចរចាថ្លៃ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ ដើម្បីឈានទៅចុះ កិច្ចសន្យានៃការសាងសង់ ក៏ដូចជាដើម្បីពិភាក្សាអំពីការងារបច្ចេកទេសនៃការសាងសង់ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណា ធ្វើឱ្យផ្លូវទាំង៣៨ខ្សែនេះ មានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង ចំណាយថវិកាសន្សំរបស់ជាតិបានចំគោលដៅ និងអាចបញ្ចប់គម្រោងសាងសង់ តាមផែនការ ដែលបានគ្រោងទុក។
បន្ថែមពីនេះ រដ្ឋលេខាធិការក្រសួងសាធារណការរូបនេះ ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយពន្លឿនការរៀបចំកិច្ចសន្យាការងារសាងសង់ ដើម្បីអាចបើកផ្ដល់ថវិកា ជូនដល់អង្គភាពសាងសង់ទាំងអស់តាមពេលកំណត់ផងដែរ។
សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន ៦៣.៨៧%ហើយ៕