(កោះកុង)៖ ករណីកូនប្រុសបង្កើតយកកន្ត្រៃ និងពូថៅ កាប់ចាក់ម្តាយបង្កើត ព្រោះខឹងសុំលុយមិនឲ្យនោះ ត្រូវសមត្ថកិច្ចចាប់កូនប្រុស តិរិច្ឆាននោះបានហើយ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីរត់ចូលព្រៃបាត់បានមួយរយៈពេលខ្លី។
សមត្ថកិច្ចប្រចាំការ នៅតំបន់ការពារខ្សែក្រវ៉ាត់ បន្ទាត់ព្រំដែនកម្ពុជាថៃ បានឲ្យដឹងថា ជនសង្ស័យដែលយកពូថៅទៅកាប់និងចាក់ ម្តាយបង្កើតខ្លួនឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ដោយជនសង្ស័យរូបនោះ ព្យាយាមរត់ឆ្លងដែនចូលប្រទេសថៃ។
សូមជម្រាបថា ស្រ្តីវ័យ៥៦ឆ្នាំម្នាក់ បានរងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងការជួយសង្គ្រោះ ពីក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង បន្ទាប់ពីកូនប្រុស បង្កើតសុំលុយមិនឲ្យ ក៏យកកន្ត្រៃ និងពូថៅកាប់ម្តាយតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩៖១៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក អ៉ីង អុន ត្រូវជាប្តីស្រ្តីវ័យចំណាស់ជាជនរងគ្រោះបាននិយាយថា កូនប្រុសគាត់ជាមនុស្សញៀនថ្នាំ រហូតដល់និយាយគ្នា លែងស្តាប់ ហើយបង្ករឿងក្នុងគ្រួសារស្ទើររាល់ថ្ងៃ៕