(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាបន្តបន្ទាប់ពីមន្រី្ដសង្ឃ និងសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។
លោក សាង អ៊ាប ជាតំណាងដឹកនាំអំណោយក្រុមទី៣ ខាងលើនេះ បានឱ្យដឹងថា អំណោយដែលលោកដឹកនាំមកនេះ ជារបស់លោកសមូហកបណ្ឌិត ឡី សុភាព ផ្តល់ជូនអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងនោះមានទឹកលាងសំអាតបំបាត់ក្លិនចំណុះ១០០មីលីត្រ ចំនួន ១កេស, ទឹកលាងសំអាតបំបាត់ក្លិនចំណុះ៥០០មីលីត្រ ចំនួន ១កេស, ជែលលាងសំអាតដៃចំណុះ១០០មីលីត្រ ចំនួន ៥កេស, ម៉ាសចំនួន ២កេសធំ និងម៉ាស៊ីនវាស់កំដៅចំនួន ៣គ្រឿង សរុបទឹកប្រាក់មានចំនួន ១,៨៨០ដុល្លារ។
ក្នុងឱកាសនោះដែរលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត ក៏បានថ្លែងនៅអំណរព្រះគុណដល់មន្ត្រីសង្ឃ គង្គក្នុងវត្តទាំង៣ និងអរគុណដល់សប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នាផ្តល់អំណោយជាសម្ភារៈ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលនេះ។
លោក ស៊ុន សុវណ្ណារិទ្ធិ សូមសន្យាថានឹងយកទេយ្យទានមានអង្ករ និងសម្ភារៈផ្សេងៗទៀត ទៅចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមលំនៅដ្ឋាន។ ចំណែកសម្ភារៈមួយចំនួនទៀត និងយកទៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានរាយការណ៍ពីស្ថានភាពជំងឺកូវីដ១៩ កំពុងតែមានសន្ទុះកើនឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេសផងដែរ។
លោកក៏បានបន្ដថា ចំពោះអំណោយដែលទទួលបាននៅពេលនេះ គឺស្របទៅនឹងកាលៈទេសៈដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវការជាចាំបាច់សម្រាប់ចែកជូនជូនប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩។
ជាងនេះទៅទៀត ចំពោះអំណោយដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង ទទួលបានពីមន្រ្ដីសង្ឃ និងសប្បុរសជនរួមមាន៖ អង្ករចំនួន ១០ការុង ស្មើនឹង៥០០គីឡូក្រាម បានមកពីមន្ត្រីសង្ឃ គង្គក្នុងវត្តពុទ្ធោ និងវត្តសេកមោសុបុប្ផាសាមគ្គីមហាវិហារ ដែលស្ថិតនៅក្នុង ស្រុករលាប្អៀរ និងវត្តសាមគ្គីបរិបុណ្ណារាម ក្នុងស្រុកបរិបូរណ៌, អំណោយមកពីសមាគមខ្មែរ-វៀតណាម នៅកម្ពុជា មានម៉ាសចំនួន ៥កេស និងជែលលាងដៃចំនួន ៥កេស, អំណោយរបស់សមាគមសហព័ន្ធវិនិយោគកម្ពុជា និងសមាគមន៍យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ៕