(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥១នាក់ (នៅមានតួលេខបន្ថែម)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដានេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ករណីទី១ ដល់ទី១៥ ជាករណីពុំទាន់អាចសន្និដ្ឋាន ពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី១៦
ដល់ទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី។ ចំពោះករណីទី២៩ ដល់ករណីទី៣១ មានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ដោយឡែក ករណីទី៣២ ជាករណីអ្នកធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងករណីទី៣៣ ដល់ទី៥១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗ ខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ៖ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៨៦៥នាក់ បានព្យាបាលជាសះស្បើយចំនួន៦១៤នាក់ ស្លាប់១៩នាក់ និង១២៣២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕