(ភ្នំពេញ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអរគុណដល់វិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន សាធារណរដ្ឋកូរ៉េ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបានផ្តល់គ្រូឧទ្ទេសនាមពោរពេញដោយបទពិសោធន៍ បានចែករំលែក និងផ្ទេរនូវចំណេះដឹង ចំណេះធ្វើ ដល់មន្ត្រីបច្ចេកទេស និងនិស្សិតនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក យិត បុណ្ណា បានថ្លែងអំណរគុណដូចនេះនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមការងារ ព្រមទាំង និស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចូមរួមវគ្គបណ្តុះបណ្តាល ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ដឹកជញ្ជូន សាធារណរដ្ឋកូរ៉េ បើកវគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃ ដើម្បីបំប៉នសមត្ថភាពដល់មន្ត្រីបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយស្តីពី «បច្ចេកវិទ្យានៃការឌីហ្សាញ និងសាងសង់កម្រាលផ្លូវ»។
បន្ថែមជាមួយគ្នានោះលោក យិត បុណ្ណា ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីបច្ចេកទេស និងនិស្សិតរបស់ក្រសួងដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលត្រូវខិតខំ យកចិត្តទុកដាក់ក្រេបយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើននូវសមត្ថភាពចំណេះជំនាញរបស់ខ្លួន ប្រកបដោយគុណភាព និងសក្តានុពលខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍ សង្គមជាតិ ជាមួយរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ៕