(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន។
កិច្ចប្រជុំនេះត្រូវបានដឹកនាំ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដោយបានពិភាក្សាអំពីគម្រោងបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។
កិច្ចប្រជុំក៏បានពិភាក្សាលើការងារទេសចរណ៍អាស៊ានដែលបានអនុវត្តកន្លងមក និងបន្តពិនិត្យលើការងារមួយចំនួនបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ រួមមានជាអាទិ៍៖
១៖ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ សំដៅផ្សព្វផ្សាយពីការរៀបចំខ្លួនរួចរាល់ក្នុងការទទួលទេសចរណ៍អន្តរជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។
២៖ ផែនការមេស្តីពីការតភ្ជាប់តំបន់អាស៊ាន ២០២៥ លើការអនុវត្តគម្រោងការធ្វើឲ្យប្រសើរឡើងនូវទំរង់ការទេសចរណ៍ឌីជីថលអាស៊ាន (Enhance ASEAN Tourism Digital Platforms)។
៣៖ គោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកធ្វើការ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍។
៤៖ ការសិក្សាលើផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គោលនយោបាយ និងការអនុវត្តល្អបំផុត អនុសាសន៍សម្រាប់ផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ទេសចរណ៍អាស៊ាន។
៥៖ ផែនការសកម្មភាពស្តីពីសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ានប្រកបដោយនិរន្តភាព បរិយាបន្ន និងភាពរឹងមាំ។
គួរបញ្ជាក់ថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤នេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ភ្ជាប់ជាមួយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបី និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបីបូកឥណ្ឌា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១៕