(រតនគិរី)៖ ដោយមានសំណូមពរពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរសុខាភិបាលខេត្ត បានធ្វើតេស្តរកមេរោគកូវីដ១៩ លើមន្ត្រីនគរបាលចំនួន៥១នាក់ តាមរយៈតេស្តរហ័ស (Rapid Test) ជាលទ្ធផលគឺអវិជ្ជមានទាំងអស់។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានឱ្យដឹងថា ដើម្បីឱ្យកម្លាំងដែលចូលរួមជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តទាំងអស់មានសុខភាពល្អ, កម្លាំងមាំមួនបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននោះរូបលោកបានណែនាំពួកគេឱ្យធ្វើតេស្តវិភាគសំណាក។
លោកឧត្តមសេនីយ៍ទោបានបន្តថា កម្លាំងខាងលើនេះមកពីកងអន្តរាគមន៍ពិសេស និងតាមការិយាល័យជំនាញមួយចំនួនចំណុះឱ្យស្នងការដ្ឋាន។
ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ទោ យិន ចំណាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ឧបករណ៍តេស្តរហ័ស (Rapid Test) ដល់ខេត្តដើម្បីឱ្យក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ធ្វើតេស្តវិភាគសំណាកជូនមន្ត្រីនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី៕