(ភំ្នពេញ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការអង្អុលដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើការយកចិត្តទុកដាក់ ចំពោះសុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តិ៍រហ័ស (Rapid Test) ដល់មន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ចប្រចាំថ្ងៃ។
ផ្អែកតាមគោលការណ៍ណែនាំ ការយកសំណាកធ្វើតេស្តិ៍រហ័ស (Rapid Test) ដល់មន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ចំពោះមន្ត្រីនគរបាលដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយកសំណាក់ធ្វើតេស្តិ៍រហ័សនេះ ត្រូវបានបញ្ជូនទៅធ្វើ PCR តេស្ត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល មុនបញ្ជូនទៅសម្រាកព្យាបាលនៅទីកន្លែងដែលបានកំណត់។
នៅកន្លែងបញ្ជរយកសំណាកធ្វើតេស្ត លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹក និងជំរុញស្មារតីចំពោះ កងកម្លាំងនគរបាលជាតិ ដែលមានភារកិច្ចបំពេញការងារប្រចាំថ្ងៃតាមការចាត់តាំងរបស់អង្គភាព ត្រូវចូលរួមគោរព និងអនុវត្តការយកសំណាកធ្វើតេស្តរហ័សនេះ តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំអគ្គស្នងដ្ឋានការនគរបាលជាតិ និងសូមកុំមានការព្រួយបារម្ភភ័យខ្លាចចំពោះការយកសំណាកធ្វើតេស្តនេះ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា បើចៃដន្យមន្ត្រីណាម្នាក់វិជ្ជមានកូវីដ-១៩ អង្គភាពអាចពិនិត្យលទ្ធភាពជួយអន្តរាគមន៍ដោះស្រាយ បញ្ជូនទៅសង្គ្រោះ និងពិនិត្យព្យាបាលបានទាន់ពេលវេលា ព្រមទាំងមានវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលពីមន្ត្រីម្នាក់ទៅមន្ត្រីម្នាក់ទៀតនៅកន្លែងធ្វើការ បានទាន់ពេលវេលាផងដែរ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានរំលឹកដល់មន្ត្រីនគរបាលទាំងអស់ ដែលមានភារកិច្ចមកបំពេញការងារនៅតាមអង្គភាព សូមម្ចាស់ការខ្ពស់ ក្នុងការអនុវត្តវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ៕