អ្នកនាំពាក្យ៖ លោកស្រី អ៊ុងសាន ស៊ូជី នឹងដឹកនាំរដ្ឋាភិបាល ក្នុងនាមជាប្រធានបក្សកាន់អំណាច
21-03-2016 10:00
(ណៃពិដោ)៖ អ្នកនាំពាក្យគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានលើកឡើងថា លោកស្រី អ៊ុងសាន ស៊ូជី នឹងកាន់បង្កូតដឹកនាំរដ្ឋាភិបាលថ្មី ក្នុងនាមលោកស្រីជាប្រធានគណបក្សដែលកាន់ អំណាចនេះ ដោយលោកស្រី ទំនងជាមិនកាន់តំណែង ផ្លូវការណាមួយ ក្នុងជួររដ្ឋាភិបាលនោះឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានសិង្ហបុរី នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនលោក យូ ហាទីន ក្យរ (U Htin Kyaw) ត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីដំបូង ជាជនស៊ីវិល ដែលមិនធ្លាប់មានប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងយោធា ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ។ ទោះបីរដ្ឋធម្មនុញ្ញបានរារាំងលោកស្រី ស៊ូជី ទៅហើយក្តីក៏លោក ហាទីន ក្យរ ជាមន្ត្រីបក្ស NLD មួយរូបដែលធ្លាប់មានប្រវត្តិតស៊ូ និង ជិតស្និទ្ធប្រកបដោយភាពស្មោះត្រង់បំផុត ចំពោះមេដឹកនាំរបស់ខ្លួន ពិតជាអាចដើរតាមមាគ៌ាដែលម្ចាស់ពានរង្វាន់ណូបែលសន្តិភាពតែមួយគត់នៅមីយ៉ាន់ម៉ា ចង់បាន៕