(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីលទ្ធផលនៃការចូលរួមរបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា សន្និសីទកំពូលនេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

* ទី១៖ សន្និសីទកំពូលនេះបានស្នើឲ្យគណបក្សនយោបាយនៅតាមបណ្ដាប្រទេសទាំងអស់ ប្ដេជ្ញាចិត្តក្នុងការកសាងគុណតម្លៃគ្នា រួមមាន សន្ដិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព

* ទី២៖ គណបក្សនយោបាយទាំងអស់ចាំបាច់ត្រូវតែចាត់វិធានការសកម្ម ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ដើម្បីសម្របសម្រួលគោលយោបាយម៉ាក្រូសេដ្ឋកិច្ច ពង្រឹងកិច្ចសហការប្រតិបត្ដិការសកលលើនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា

* ទី៣៖ គណបក្សនយោបាយមកពីបណ្ដាប្រទេសទាំងអស់ ត្រូវប្ដេជ្ញាសម្របសម្រួលការផ្លាស់ប្ដូរគ្នា និងការរៀនសូត្រទៅវិញទៅមកលើអរិយធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា វប្បធម៌ និងសិល្បៈ កីឡា ទេសចរណ៍ និងរវាងស្ថាប័នស្រាវជ្រាវ។

សូមជម្រាបថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយលើពិភពលោកតាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ការធ្វើការដើម្បីសុភមង្គលប្រជាជន៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ»។

សន្និសីទកំពូលនេះ ត្រូវបានអញ្ជើញចូលរួមដោយគណៈប្រតិភូជាង១ម៉ឺននាក់ តំណាងឲ្យគណបក្សនយោបាយ និងអង្គការជាង៥០០ មកពី១៦០ប្រទេស៕