(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចខាងក្រោម៖
១៖ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៉ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
២៖ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
៣៖ តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ចុះពិនិត្យដោយផ្ទាល់បាន ក្នុងករណីមានការមន្ទិលសង្ស័យ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ ដែលតែងយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិប្រកបដោយសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ក្រសួងនឹងធ្វើការហើយតាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់។
ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្រោមស្នាព្រះហស្តព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II) នៅដើមសតវត្សទី១២ ហើយត្រូវបានអង្គការយូណេស្កូ ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះ បានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេ ខណៈរមណីយដ្ឋានអង្គរទាំងមូល ក៏បានជាប់ឈ្មោះជាទេវស្ថានដ៏ធំបំផុតមួយក្នុងលោកផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១២ នៅប្រទេសឥណ្ឌា ក៏ធ្លាប់មានការលួចសាងសង់ប្រាសាទ ដែលស្រដៀងនឹងប្រាសាទអង្គរវត្តផងដែរ ដោយគេដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ។ ប៉ុន្តែដោយសារមានការតវ៉ាយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ទើបឥណ្ឌាសម្រេចផ្អាកការសាងសង់ប្រាសាទនោះវិញ៕