(ភ្នំពេញ)៖ សៀវភៅចំណងជើងថា «Phnom Penh Water Story» ដែលនិយាយអំពីការធ្វើកំណែទំរង់, ការដឹកនាំ និងភាពជោគជ័យ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ University Glasgow UK របស់ចក្រភពអង់គ្លេស និពន្ធ និងបោះពុម្ភឡើង។
សៀវភៅនេះត្រូវបានសិក្សា-ស្រាវជ្រាវ អង្កេតយ៉ាងយកចិត្តទុកដាក់ ពីអ្នកនិពន្ធដែលជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យនៅ UK មានដូច ជាសាស្ត្រាចារ្យ Asit K Biswas, University Glasgow UK, សាស្ត្រាចារ្យ Cecilia Torjada , Institute of water policy Lee Kuan Yew , National University of Sing gapore និងសាស្ត្រាចារ្យ Pawan K. Sachdeva , Water management International Private Ltd. Singapore និងមានការផ្តល់នូវអារម្ភកថាពីអង្គការ JICA ផងដែរ។
លោក ស៉ឹម ស៉ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ទម្រាំនិពន្ធ និងបោះពុម្ភចេញជាសៀវភៅ «Phnom Penh Water Story» នេះបាន ក្រុមសាស្ត្រាចារ្យទាំងអស់នោះ បានធ្វើការសិក្សាវិភាគ និងអង្កេតអស់រយៈ៥ឆ្នាំ (២០១៥-២០២១) អំពីប្រវត្តិ, កំណែរទម្រង់, ភាពជាអ្នកដឹកនាំ, គុណភាពនៃសេវាកម្ម-អាជីវកម្ម។ល។ ទើបអ្នកនិពន្ធសម្រេចបោះពុម្ភផ្សាយ និងចែកចាយទូទាំងពិភពលោក ដោយសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ អាចធ្វើបាន។
លោកបន្តថា ក្នុងសៀវភៅនោះ អ្នកនិពន្ធបានសង្កត់ធ្ងន់ពីការធ្វើកំណែទំរង់ តម្លារភាព និងភាពជាអ្នកដឹកនាំ ធ្វើឲ្យអង្គភាពមានវឌ្ឍនភាពល្អ និងមានសូចនាករមួយចំនួន ដែលរដ្ឋាករទឹកក្រុងភ្នំពេញ ធ្វើបានល្អជាង នៅអង្គភាពផ្គត់ផ្គង់ទឹករបស់ទីក្រុង London , អង្គភាពផ្គត់ផ្គង់ទឹកនៅទីក្រុង Paris , អង្គភាពផ្គត់ផ្គង់ទឹកនៅក្រុង Los Angeles, US ហើយដែលប្រទេសកំពុងអភិវឌ្ឍន៍ គួរសិក្សារៀនសូត្រតាម។
លោកបន្តថា សៀវភៅ Phnom Penh Water Story ស្តីពីកំណែទំរង់, ការដឹកនាំ និងភាពជោគជ័យ ត្រូវបានសមាគមទឹកអន្តរជាតិ (International Water Association-IWA) មានបំណងចែកចាយបទពិសោធន៍នេះ ដល់បណ្តាប្រតិបត្តិករទឹកស្អាត នៃប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងពិភពលោក ដើម្បីជាគំរូផងដែរ។
សៀវភៅនេះ ត្រូវបានតំកល់នៅបណ្ណាល័យជាតិ, បណ្ណាល័យសម្តេចតេជោ សាលាភូមិន្ទភ្នំពេញ, បណ្តាល័យ ហ៊ុនសែន សាកលវិទ្យាល័យជាតិគ្រប់គ្រង ផងដែរ សម្រាប់និស្សិតជាឯកសារសិក្សាស្រាវជ្រាវ ។ បន្ថែមពីលើការតំកល់ទុក នៅតាមបណ្តាល័យនានាខាងលើ ក៏មានតំកល់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង ឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍ និងសាលារាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានេះ មូលនិធិស្វីសបានឧបត្ថម្ភ៣០០ក្បាល សម្រាប់ចែកជូនដល់អង្គការ/អង្គភាព Non profit organization និងមូលនិធិសាកលវិទ្យាល័យ Glasgow UK ឧបត្ថម្ភ ៤០០ក្បាល សម្រាប់ចែកចាយដល់សាលកវិទ្យាល័យនានានៅបរទេស និងគោលដៅក្នុងស្រុកផងដែរ៕