(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងប្រតិកម្មខ្លាំងៗ ចំពោះអ្នកដែលបានរិះគន់ទៅលើការរុះរើគណៈរដ្ឋមន្រ្តី ដោយសម្តេចបានលើកឡើងថា ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ ជាការធ្វើឲ្យមានប្រសិទ្ធភាពការងារ ហើយប្រសិទ្ធភាពការងារមិនស្ថិតលើមុខចាស់ ឬមុខថ្មីនោះនោះទេ តែសំខាន់ចរិតការងារថ្មី ហើយអ្នកថ្មី ក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។
នៅក្នុងកម្មវិធីដាក់ឲ្យអនុវត្ត «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» លើកទី៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលស្រែករិះគន់ការដោះដូរ គណៈរដ្ឋមន្រ្តីដាក់មុខដដែលៗនោះ ក៏ជាមនុស្សមុខដដែលៗដែរ មិនមានផ្លាស់ប្តូរផង។ សម្តេចបានបន្ថែមថា គណបក្សប្រឆាំង គឺមុខដដែលៗ មិនទាន់មានផ្លាស់ប្តូរនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយលោកឯងអ្នកនិយាយហ្នឹង អាបក្សប្រឆាំង មេបក្សប្រឆាំងអីហ្នឹង វាក៏មុខដដែល អ្នកធ្វើអត្ថាធិប្បាយវា ក៏មុខដដែល វានិយាយដដែល វាតែប៉ុណ្ណឹង»។
សម្តេចតេជោ បានថ្លែងការពារនូវការរុះរើគណៈរដ្ឋមន្រ្តីរបស់សម្តេចថា មុខចាស់ មុខថ្មីវាសំខាន់ឡើយ សំខាន់នៅលើចរិតការងារថ្មី ហើយអ្នកថ្មីក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។
សម្តេចបានថ្លែងយ៉ាងដូច្នេះ «បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឲ្យវាថ្មី អានឹងហើយការផ្លាស់ប្តូរនោះ វាមិនចាំបាច់ទាល់តែមុខថ្មី បានគេហៅថា ការផ្លាស់ប្តូរទេ។ មុខចាស់ប៉ុន្តែធ្វើសកម្មផ្លាស់ប្តូរ អាហ្នឹងគឺវាផ្លាស់ប្តូរ អាមុខថ្មីវាមិនទាន់ប្រាកថា វាផ្លាស់ប្តូរទេ វាផ្លាស់ប្តូរតែមនុស្ស ប៉ុន្តែវាទៅរឿងមួយផ្សេង។ ប៉ុន្តែអាមុខចាស់ ដែលវាស់ផ្លាស់ប្តូរ ទើបវាខ្លាំង ជួនកាល់ចាស់មែន ប៉ុន្តែគំនិតវាថ្មី! អាយុ ៨០ក៏ដោយ ប្រសិនបើមានគំនិតថ្មី វាក៏ជាយុវជនដែរ ការផ្លាស់ប្តូរ វាមិនចាំបាច់ផ្លាស់មនុស្សទេ»។
សមាសភាពរដ្ឋមន្រ្តី ដែលផ្លាស់ប្តូរនៅពេលខាងមុខរួមមាន៖
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ត្រូវបានផ្លាស់ចេញពីរដ្ឋមន្រ្តីក្រសួងក្រសួងការបរទេស ដាក់ជំនួស ដោយ ប្រាក់ សុខុន មកពីក្រសួងប្រៃសេនីយ៍ និងទូរគមនាគមន៍,
លោកទេសរដ្ឋមន្រ្តី អ៉ឹម ឈុនលឹម ត្រូវបានផ្លាស់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ជំនួសដោយលោក ជា សុផារ៉ា មកពីក្រសួងអភិវឌ្ឍន៍ជនបទ,
លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានប្តូរពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន,
លោក អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ,
លោក ត្រាំ អ៉ីវតឹក ត្រូវបានប្តូរពីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍,
លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ លោក ហឹម ឆៃម,
លោក ប៉ាន សូរស័ក្តិ ត្រូវបានដំឡើងពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទៅលើលោក វេង សាខុន។
ក្រៅពីការផ្លាស់ប្តូរសមាសភារដ្ឋមន្រ្តី ដែលរៀបរាប់ខាងលើនេះ នៅមានអភិបាលមន្រ្តីជាច្រើនរូបទៀត ត្រូវបានតម្លើងតួនាទីពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិកា ហើយអភិបាលខេត្ត ៤រូបទៀត គឺខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង និងបន្ទាយមានជ័យ ក៏ត្រូវដាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់ផងដែរ៕
សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីមុខចាស់ដដែល តែចរិតការងារថ្មី ទើបខ្...សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីមុខចាស់ដដែល តែចរិតការងារថ្មី ទើបខ្លាំង, មុខថ្មីមិនប្រាកដថា វាផ្លាស់ប្តូរនោះទេ(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងប្រតិកម្មខ្លាំងៗ ចំពោះអ្នកដែលបានរិះគន់ទៅលើការរុះរើគណៈរដ្ឋមន្រ្តី ដោយសម្តេចបានលើកឡើងថា ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ ជាការធ្វើឲ្យមានប្រសិទ្ធភាពការងារ ហើយប្រសិទ្ធភាពការងារមិនស្ថិតលើមុខចាស់ ឬមុខថ្មីនោះនោះទេ តែសំខាន់ចរិតការងារថ្មី ហើយអ្នកថ្មី ក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។http://www.freshnewsasia.com/index.php/en/20444-2016-03-21-03-08-18.html
Posted by Fresh News on Sunday, March 20, 2016