(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន ៨០នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែកក្កដានេះ។

រដ្ឋបាលខេត្តក៏បានបញ្ជាក់ថា សម្រាប់តួលេខនេះ គឺមានចំនួនអ្នកជំងឺបន្ថែមទៀតផងដែរ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី (ករណីទី៧ ទី៨ និងទី៩ ជាសមាជិកក្នុងរង្វង់គ្រួសារតែមួយ ដែលមានអាសយដ្ឋាននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងចល័តទៅមក នៅភូមិគោកក្តៅ ឃុំសសរស្តម្ភ ស្រុកពួក) ករណីទី៣៦ ដល់ករណីទី៥៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ស្រុកជីក្រែង។

ចំពោះករណទី៥៨ ដល់ទី៦៥ ជាករណីមកពីរាជធានីភ្នំពេញ ករណីទី៦៦ ដល់ទី៧៦ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២ និងករណីទី៧០ ដល់ទី៧៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៧៧ និងទី៧៨ ជាករណីមកពីខេត្តឧត្តរមានជ័យ និងករណីទី៧៩ និង៨០ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ស្រុកបន្ទាយស្រី។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាពសូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ៖ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

សូមជម្រាបថា មកទល់ពេលនេះខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១,៧៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន ៦០៥នាក់ ស្លាប់១៨នាក់ និង១,១១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕