(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានប្រោសព្រះរាជទានព្រះរាជអំណោយ ជា អង្ករ៥តោន, មី៦០កេស, ត្រីខ១០កេសធំ, និងម៉ាស ១០,០០០បន្ទះ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលបានប្រោសព្រះរាជទានព្រះរាជអំណោយ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ក្នុងគ្រោះមហន្តរាយផ្សេងៗ។

បន្ថែមពីនេះទៅទៀត សម្តេចព្រះមហាសង្ឃរាជ បានផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់ឱកាសយុវជនកាកបាទក្រហមកម្ពុជាឬនិសិ្សត ដែលមានជីវភាពក្រីក្រ ហើយចង់រៀនក្លាយជាទំពាំងស្នងឫស្សីជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកច្រើន៕