(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ឋី អភិបាលរងខណ្ឌចំការមន នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះរៀបចំសណ្តាប់ ធ្នាប់ឱ្យបានល្អប្រសើរតាមផ្លូវលេខ៧៨ ដោយរុះរើស្លាកយីហោ តុ សំរាម ដុំថ្មដាក់ឆ័ត្រ ដែលដាក់រាយប៉ាយតាមចិញ្ចើមផ្លូវ ម៉ូតូកង់បីឥណ្ឌាចតចាំម៉ូយ ពិសេសបានណែនាំ ដល់ម្ចាស់អាជីវកម្ម ឱ្យដកចេញនូស្លាយីហោណាដែលគ្មានសរសេរអក្សរខ្មែរ និងរំកិលការដាក់តាំងថូផ្កា ផើងផ្កា ចូលទៅក្នុង ដើម្បីយកចំណីផ្លូវសម្រាប់អ្នកថ្មើរជើង និងអ្នកដំណើរ ធ្វើដំណើរបានងាយស្រួល។
សូមបញ្ជាក់ថា បន្ទាប់ពីមានការចុះរៀបចំសណ្ដាប់ធ្នាប់នៃការដាក់តាំងលក់ទំនិញ និងការដាក់បង្ហាញស្លាកយីហោលយមកហួសលើចិញ្ចើមផ្លូវ ដែលបានកំណត់ របស់អាជីវករនៅលើកំណាត់ផ្លូវ មួយចំនួន ក៏ដូចការចតយានយន្ត កង់បីឥណ្ឌា ហៀរ លើទ្រូងផ្លូវលេខ៧៨ បង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ ចេញចូលរកសេវា ពីរដ្ឋបាលខណ្ឌចំការមន ក៏ដូចជុំវិញតំបន់ស្ថានទូត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរួចមកឃើញថាមានលក្ខណៈល្អប្រសើរឡើងវិញហើយ។
លោក យស យុទ្ឋី បានបញ្ជាក់ថា ខណៈដែលក្រុមការងារបានចុះរៀបចំសណ្តាប់ធ្នាប់ដែលបានប្រសើរបែបនេះ គឺមិនអាចផ្តាច់បានពីការចូលរួមពី ប្រជាពលរដ្ឋ និងអ្នកលក់ដូរតាមផ្លូវនេះបានឡើយ។ ស្ថានភាពសណ្ដាប់ធ្នាប់លក់ដូររបស់ប្រជាពលរដ្ឋតាមលំនៅឋាន និងតាមចិញ្ចើមផ្លូវនេះ ឃើញថាមានលក្ខណៈល្អ ប្រសើរច្រើន ដោយសារប្រជាពលរដ្ឋ និងអាជីវករមានកិច្ចសហការល្អ។
ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋទូទៅបានធ្វើដំណើរដោយថ្មើរជើងផង លោក យស យុទ្ឋី ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ក៏បានស្នើដល់អ្នកប្រកបរបររត់ម៉ូតូ កង់បីឥណ្ឌា សូមបញ្ឈប់ការយកទ្រូងចតម៉ូតូតប្រៀបគ្នាតទៅទៀត ដែលជាហេតុបង្កការកកស្ទះផ្លូវនៅលេខ៧៨នេះ។
គួរបញ្ជាក់ថាលោក យស យុទ្ឋី បានចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺធ្វើឡើងតបនឹងការទទូចសំណូមពររបស់ប្រជាពលរដ្ឋ និងការណែនាំជាគោលការណ៍យ៉ាងម៉ឺងម៉ាត់ ពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ តាមចិញ្ចើផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ ស្របតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ៕